លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានជំរុញ និងលើកទឹកចិត្តទៅកាន់អ្នកវិនិយោគក្រុមហ៊ុនហ្វីលីពីន ឱ្យនាំចូលអង្ករពីកម្ពុជា ជាពិសេសអង្ករប្រណិត និងប្រភេទអង្ករផ្សេងៗទៀត ដើម្បីបំពេញតម្រូវការប្រទេសខ្លួនបន្ថែមទៀត។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី ចម និម្មល លើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Azucena L. Yao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Arvin International Marketing INC និងសហការី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណៈរដ្ឋហ្វីលីពីន។
ក្នុងឱកាសនោះ លោកស្រី Azucena L. Yao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខាងលើ បានលើកអំពីប្រតិបត្តិការ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការនាំចូលអង្ករពីកម្ពុជា ដោយបានជឿជាក់ថា អង្ករកម្ពុជាមានគុណភាពខ្ពស់ និងទទួលបានចំណាត់ថ្នាក់ល្អដាច់គេលើពិភពលោក ៦លើកជាប់ៗគ្នានាពេលកន្លងមកនេះ។
ជាការឆ្លើយតប លោកស្រី ចម និម្មល បានបង្ហាញក្តីសោមនស្សចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការនាំចូលអង្ករពីកម្ពុជា និងបានជំរុញឱ្យភាគីពាក់ព័ន្ធបង្កើននូវកិច្ចសហប្រត្តិបត្តិការក្នុងការជម្រុញការនាំចេញផលិតផលកសិកម្មជាពិសេសស្រូវ និងអង្ករ។
ជាមួយគ្នានេះ លោកស្រី ក៏បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដោយបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុននាំចូលអង្ករពីកម្ពុជា ជាពិសេសអង្ករប្រណិត និងប្រភេទអង្ករផ្សេងៗទៀត ព្រមទាំងវិនិយោគលើទំនិញកសិ-ឧស្សាហកម្មមួយចំនួនបន្ថែមទៀត ដែលអាចចូលរួមបំពេញតម្រូវការក្នុងច្រវាក់ផលិតកម្មនៃវិស័យកសិកម្មរួមមាន៖ ស្វាយចន្ទី និងតំឡូងមីជាដើម។
សូមជម្រាប់ដែរថា ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលថ្ងៃទី១០ ខែកុម្ភៈ ក្រុមហ៊ុន Excellent Associates Group Limited នៃប្រទេសហ្វីលីពីន ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសលើការកែច្នៃ និងការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនាពេលអនាគតផងដែរ៕ អត្ដបទ៖ ហ្សាលីន