មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យយុវជនត្រូវខិតខំចាប់យកឱកាសប្រមូលចំណេះជំនាញ ដើម្បីសម្រួចសមត្ថភាពរបស់ខ្លួនដោយសម្លឹងឆ្ពោះទៅគោលដៅដែលខ្លួនចង់បាន។
នេះបើយោងតាមប្រសាសន៍របស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាឱកាសអញ្ជើញផ្តល់បាឋកថា ស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យអង្គរ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានយុវជនចូលរួមជាង ៣០០នាក់។
នាឱកាសនោះ លោក ប៉ែន បូណា បានលើកឡើងថា ឱកាសដែលយុវជនយើងមានបច្ចុប្បន្នគឺ សុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកលូតលាស់នៃបច្ចេកវិទ្យា មានសាលារៀន មានសម្ភារៈសិក្សា អាហារសម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធសង្គម ដែលជាអំណោយផលដល់ការសិក្សា។
ដោយលោកបានរម្លឹកអំពីការលំបាករបស់យុវជនជំនាន់មុនដោយលើកយកបទពិសោធផ្ទាល់ខ្លួនមកបញ្ជាក់ថា ក្នុងសម័យសង្គ្រាម ពិសេសរបបប៉ុល ពត កុមារមិនត្រឹមតែគ្មានសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគេប្រើឱ្យធ្វើការហួសកម្លាំងដោយគ្មានអាហារគ្រប់គ្រាន់។ ក្រោយឆ្នាំ១៩៧៩ ការសិក្សាបានចាប់ផ្តើមក្នុងស្ថានភាពដ៏លំបាកលំបិនដោយខ្វះខាតគ្រប់បែបយ៉ាង។
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ បានបញ្ជាក់ទៀតថា យុវជនជំនាន់មុន ថ្វីត្បិតតែគ្មានឱកាសច្រើនដូចបច្ចុប្បន្ន ប៉ុន្តែ ពួកគេខិតខំតស៊ូពុះពារគ្រប់បែបយ៉ាងដោយមានការតាំងចិត្តយ៉ាងមុតមាំក្នុងការរៀនសូត្រ។
ទាញចេញពីបទពិសោធទាំងនេះ លោកក៏បានរំលេចឱ្យឃើញពីការផ្លាស់ប្តូររបស់ប្រទេសកម្ពុជាដូចមេឃនិងដី ដែលអនុញ្ញាតឱ្យយុវជនជំនាន់នេះរស់ក្នុងបរិយាកាសពោរពេញដោយឱកាសនិងអំណោយផល។ ក្នុងន័យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានផ្តាំផ្ញើឱ្យក្មួយៗនិស្សិតត្រូវតែចាប់យកឱកាសនេះឱ្យបាន ហើយធ្វើខ្លួនឱ្យទៅជាមូលធនមនុស្សដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់តាមការគ្រោងទុកដោយមោទនភាពរបស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ ហ្សាលីន