ក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ដែលមានវិនិយោគិនចូលរួម២០៩នាក់ មកពីបណ្តាក្រុមហ៊ុន១៥១ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីក្រុងម៉ានីល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជា-ហ្វីលីពីន កំពុងសហការគ្នាយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសម្រួលដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ តាមរយៈការបន្តចុះអនុស្សរណៈនៃកការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឆ្នាំ២០២៥-២០២៨។

ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ថ្មីបន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន (សៀមរាប-សេប៊ូ) ជាពិសេសទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍។
សូមបញ្ជាក់ថា ជុំវិញការតភ្ជាប់ជើងហោះហើរត្រង់បន្ថែមរវាងកម្ពុជា និងហ្វីលីពីននេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា និងលោកប្រធានព្រឹទ្ធសភាហ្វីលីពីន កាលពីថ្ងៃទី១១ ខែកុម្ភៈ ក៏បានពិភាក្សាផងដែរអំពីការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដោយបន្ថែមលើជើងហោះហើរដែលមានស្រាប់ ជាពិសេស ម៉ានីល-សៀមរាប-ម៉ានីល និងសេប៊ូ-សៀមរាប-សេប៊ូ ដើម្បីបង្កើតជាសហថាមពលក្នុងការលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការទាក់ទាញភ្ញៀវទេសចរនានាពីក្រៅតំបន់ ឱ្យមកធ្វើទេសចរណ៍នៅក្នុងប្រទេសទាំងពីរ និងតំបន់អាស៊ានផងដែរ៕
