កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បានដឹកនាំមន្រ្តីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត រៀបចំធ្វើពិធីបុណ្យ មាឃបូជា នៅវត្តសីហរតនារាម ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ដោយនិមន្តព្រះសង្ឃ និងពុទ្ធបរិស័ទ ហែក្បួនធម្មយាត្រា ជុំវិញក្រុងដូនកែវ។

ពិធីបុណ្យ មាឃបូជា នៅវត្តសីហរតនារាម ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តតាកែវនេះ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការអង្គភាពជុំវិញខេត្ត ព្រមទាំងព្រះសង្ឃគណៈកម្មការវត្ត តាជី យាយជី និងពុទ្ធបរិស័ទ ជាង ២០០០នាក់។
សូមជម្រាបជូនពិធីបុណ្យ «មាឃបូជា» ជាពិធីបុណ្យមួយដ៏មានសារសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា។ ពិធីបុណ្យនេះប្រារព្ធឡើងជារៀងរាល់ថ្ងៃ១៥កើត ខែមាឃ។
ពិធីបុណ្យមាឃបូជា ប្រារព្ធឡើងដោយសារហេតុ ៣យ៉ាង៖
ទី១. ដើម្បីរំលឹកនឹកដល់ ព្រះសម្មាសម្ពុទ្ធ ទ្រង់ធ្វើ ចតុរអង្គសន្និបាត
ទី២. ដើម្បីរំលឹកនឹកដល់ ថ្ងៃដែលព្រះពុទ្ធព្រះបរមគ្រូ ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែង ឱវាទបាតិមោក្ខ
ទី៣. ដើម្បីរំលឹកនឹកដល់ ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ ដែលទ្រង់នឹងចូលបរិនិព្វាន ៣ខែបន្ទាប់៕











