កម្ពុជា-ហ្វីលីពីន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន បានសម្រេចផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់ រវាងក្រសួងទាំងពីរ​ បានធ្វើឡើង នៅវិមានប្រធានាធិបតី សាធារណរដ្ឋហ្វីលីពីន នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក FERDINAND ROMUALDEZ MARCOS JR. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន។

អនុស្សរណៈនៃការយោគយល់នេះរៀបចំឡើងក្នុងគោលបំណងផ្តោតសំខាន់លើសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អំពីកិច្ចការអាទិភាពរួមមាន៖

១. ការផ្លាស់ប្តូរបទពិសោធនិងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរបទពិសោធនិងការផ្ទេរបច្ចេកវិទ្យានៃប្រព័ន្ធឌីជីថលចំនួន២ គឺថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov របស់កម្ពុជា និងថ្នាល eGov SuperApp របស់ហ្វីលីពីន។

២. ការលើកកម្ពស់គម្រោងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

៣. ការលើកទឹកចិត្តដល់សហគ្រាសបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

៤. ការអភិវឌ្ឍធនធានមនុស្សឌីជីថល

៥. ការគាំទ្រគ្នាទៅវិញទៅមកក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថល និង

៦ កិច្ចការផ្សេងទៀតពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងរដ្ឋាភិបាលអេឡិចត្រូនិក។

គួរបញ្ជាក់ដែរថា អនុស្សរណៈនៃការយោគយល់នាពេលនេះ កម្ពុជា-ហ្វីលីពីន បានចាត់ទុកថា គឺជាសក្ខីភាពប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៃប្រទេសទាំងពីរ តាមរយៈការបង្កើតឡើងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការកសាងសមត្ថភាព និងការជ្រើសរើសឱ្យបានត្រឹមត្រូវនូវដំណោះស្រាយឌីជីថលសម្រាប់ប្រើប្រាស់ក្នុងដំណើរនៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល៕ អត្ថបទ៖ ហ្សាលីន