មន្រ្តីជាន់ខ្ពស់កម្ពុជា ជំរុញឱ្យរួមគ្នាលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងស្រីនៅគ្រប់កម្រិត

សង្គម​ និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់កម្ពុជា បានជំរុញឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ ចរួមគ្នាលើកកម្ពស់ការងារបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់ស្ថានភាព ឋានៈ តួនាទីស្រ្តី និងក្មេងស្រី លើគ្រប់វិស័យ ដើម្បីជំរុញសេដ្ឋកិច្ចប្រកប ដោយប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍របស់ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងកិច្ចការនារី កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។

នាឱកាសនោះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា ដើម្បីបន្តលើកកម្ពស់សមភាពយេនឌ័រលើគ្រប់វិស័យឱ្យកាន់តែប្រសើរ ដោយលោកបានលើកទឹកចិត្តនិងផ្តល់នូវអនុសាសន៍៦ចំណុច រួមមាន៖

ទី១.លើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តអនុវត្តប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ នូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ គោលនយោបាយជាតិ និងតាមវិស័យ។២.បន្តលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី គាំទ្រដល់សហគ្រិននិងអាជិវករជាស្ត្រី តាមរយៈការអភិវឌ្ឍជំនាញ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងស្វែងរកទីផ្សារ និងគាំទ្រដល់ស្រ្តី ដែលកំពុងប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរស់នៅតាមទីជនបទ។ ៣.បន្តចូលរួមជំរុញការអនុវត្តក្របខ័ណ្ឌស្តីពីសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព តាមរយៈ ការពង្រឹង និង ពង្រីកកម្មវិធីនិងវិធានការគោលនយោបាយតាមវិស័យរបស់ខ្លួន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងដៃគូពាក់ព័ន្ធ។

៤.បន្តចូលរួមដោះស្រាយបញ្ហាគម្លាតយេនឌ័រក្នុងវិស័យឌីជីថល រួមទាំងការបង្កើនតួនាទីស្រ្តីនៅក្នុងវិស័យឌីជីថល។៥.បន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី សុខដុមរមនានៅក្នុងគ្រួសារ និងទប់ស្កាត់អំពើហិង្សាលើស្រ្តីនិងកុមារ គ្រប់រូបភាព តាមរយៈការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់សាធារណជន ។និងទី៦.បន្តអនុវត្តកម្មវិធី និងវិធានការទាំងឡាយ ដែលបានអភិវឌ្ឍនាពេលកន្លងមក ហើយធ្វើបច្ចុប្បន្នភាពកម្មវិធី និងវិធានការទាំងនោះ ឱ្យស្របតាមស្ថានភាពវិវត្តន៍របស់សង្គមសំដៅលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងស្រីនៅគ្រប់កម្រិត។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់សមភាពយេនឌ័រ បន្តពីរាជរដ្ឋាភិបាលនីតិកាលមុនៗ ដូចមានចែងក្នុង យុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់កាលទី១ ដើម្បីបន្តជំរុញនិងលើកកម្ពស់ស្ថានភាព ឋានៈ និងតួនាទីរបស់ស្រ្តី ដែលជាធនធានមនុស្សស្មើនឹងជាងពាក់កណ្តាលនៃប្រជាជនសរុប (៥០,៩%)។

រដ្ឋាភិបាល អះអាងថា ការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី គឺជាអភិក្រមដ៏សំខាន់ និងចាំបាច់ នៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍មូលធនមនុស្សរបស់កម្ពុជា ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម ប្រកបដោយវចីរភាព៕ អត្ថបទ៖ ហ្សាលីន