ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមួយ នឹងរួមគ្នាលើកម្ពស់ការអភិវឌ្ឍកម្មវិធីឌីជីថលក្នុងវិស័យទេសចរណ៍

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Pravinya ផ្តោតសំខាន់លើការអភិវឌ្ឍកម្មវិធី និងថ្នាលឌីជីថលសម្រាប់ប្រើប្រាស់នៅក្រសួងទេសចរណ៍ សំដៅជំរុញការងារលើកកម្ពស់វិស័យទេសចរណ៍កាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះអនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយលោក នាង ម៉ៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកស្រី មាស សុភារ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Pravinya ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍។

អនុស្សរណៈនៃការយោគយល់នេះ គឺបានផ្តោតសំខាន់ទៅលើការចូលរួមបរិវត្តកម្មឌីជីថល ដែលសហការក្នុងការអភិវឌ្ឍកម្មវិធី និងថ្នាលឌីជីថលសម្រាប់ប្រើប្រាស់នៅក្រសួងទេសចរណ៍ ក៏ដូចជាការរៀបចំគេហទំព័រ Visit Cambodia.com និងកម្មវិធី App Visit Cambodia ដើម្បីឈានដល់ការដាក់ឱ្យដំណើរការនាពេលខាងមុខ។

កាលពីពេលកន្លងទៅថ្មីៗនេះ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Pravinya ក៏ធ្លាប់បានពិភាក្សាគ្នាពីគម្រោងដាក់ឱ្យអនុវត្តកម្មវិធី Visit Cambodia App ដើម្បីជំរុញភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅប្រទេសកម្ពុជា ដែលកម្មវិធីនេះមានអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ដែលជាទេសចរអន្តរជាតិ ដូចជា៖ កក់សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ តាក់ស៊ី ស្វែងរកទីតាំងតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា ស្នើសុំទិដ្ឋាការចូលកម្ពុជា ទូទាត់ថវិកាតាមប្រព័ន្ធអេឡិចត្រូនិក ដោយមានការភ្ជាប់ជាមួយនឹងប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា។ល។

សូមបញ្ជាក់ដែរថា ក្នុងឆ្នាំ ២០២៤ កន្លងទៅនេះ កម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៧ លាននាក់ កើនឡើង ២៣ ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដោយក្នុងនោះ ភ្ញៀវទេសចរពេញនិយមបំផុតគឺមកពីប្រទេសថៃ វៀតណាម ចិន ឡាវ និងសហរដ្ឋអាមេរិក ព្រមទាំងប្រទេសផ្សេងទៀតក្នុងទ្វីបអឺរ៉ុប។នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥។

ក្រសួងទេសចរណ៍ រំពឹងថា តាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ជាមួយបណ្តាប្រទេសនានា និងក្រុមហ៊ុនឯកជននានា នឹងជួយវិស័យនេះឱ្យមានកំណើនថែមទៀត៕ ​អត្ថបទ៖​ហ្សាលីន