ចំណូលពន្ធនិងអាករឆ្នាំ២០២៤ ប្រមូលបានប្រមាណជាង ២ ពាន់លានដុល្លារ កើនជាង១៣% ធៀបនឹងឆ្នាំមុន

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានប្រមូលចំណូលពន្ធនិងអាករ បាន១០ ៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៥៩០,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរបាយការណណ៍របស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត កាលពីថ្ងៃទី១០ ខែកុម្ភៈ។

លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ដោយ អគរ រួមមាន ការប្រមូលចំណូលពន្ធនិងអាករប្រមាណ ២ ៥៩០,៣ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។

លោកលើកឡើងថា ការប្រមូលចំណូលក្នុងឆ្នាំ២០២៤ នេះជួបប្រទះនឹងបញ្ហាប្រឈមធំៗមួយចំនួនមានជាអាទិ៍  កំណើនជាបន្តបន្ទាប់ទាំងវិសាលភាពនិងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, ការអនុគ្រោះពន្ធនិងអាករកាន់តែធំទូលាយដើម្បីទាក់ទាញការវិនិយោគ, និន្នាការកើនឡើងនៃការប្រើប្រាស់រថយន្តដែលមានទំហំស៊ីឡាំងតូច និងរថយន្តអគ្គិសនី, និងការបន្តមាននូវសកម្មភាពរត់គេចពន្ធក្នុងរូបភាពថ្មីៗកាន់តែស្មុគស្មាញ។

លោកបន្តថា បើគិតជាសមាសភាគចំណូលតាមប្រភេទពន្ធនិងអាករធៀបនឹងចំណូលសរុប អាករលើតម្លៃបន្ថែមមានប្រមាណ ៤១,៣%, អាករពិសេសមានប្រមាណ ៣២,១%, ពន្ធគយមានប្រមាណ ១៨%, អាករបន្ថែមលើផលិតផលប្រេងកាតមានប្រមាណ ៤,៤% និងអាករនាំចេញនិងកម្រៃផ្សេងៗមានប្រមាណ ៤,២%។

ចំពោះសមាសភាគនៃចំណូលតាមក្រុមទំនិញធៀបនឹងចំណូលសរុប ក្រុមទំនិញចម្រុះមានប្រមាណ ៣៤,៧%, យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣១,១%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២៦,៩%, និងសម្ភារសំណង់និងកម្រៃផ្សេងៗមានប្រមាណ ៧,៣%។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មនាំចូល កើនឡើងប្រមាណ ១៨% ធៀបនឹងឆ្នាំ ខណៈទំហំពាណិជ្ជកម្មនាំចេញកើនឡើងប្រមាណ ១៥,៨% ធៀបនឹងឆ្នាំ២០២៣៕