ត្រឹមតែរយៈពេល ១មួយថ្ងៃប៉ុណ្ណោះ រោងចក្រផលិតសំបកកង់ឡានធំជាងគេ សៃលុន (Sailun Tire Cambodia) ដែលកំពុងប្រតិបត្តិការច្រវាក់ផលិតកម្ម ផលិត ចែកចាយក្នុងស្រុក និងនាំចេញទៅទីផ្សារតាមប្រទេសជុំវិញពិភពលោក បានកំណត់ត្រាថ្មី និងមិនធ្លាប់មានពីមុនមក សម្រេចការនាំចេញសំបកកង់រថយន្ត បានប្រមាណជិត ១៥ម៉ឺនគ្រាប់ ស្មើនឹង ១៨០កុងតឺន័រ ពីរោងចក្រ ក្នុងទឹកដីខេត្តស្វាយរៀង។
តាមការបញ្ជាក់ពីលោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PIC Tire Co.,Ltd ដែល ជា ក្រុមហ៊ុន ទទួលសិទិ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ឡានទាំងក្រៅ និងផលិតផល សំបកកង់រថយន្តស្តង់ដារពិភពលោក ម៉ាក Sailun បានប្រាប់ Oknha News កាលពីថ្ងៃទី១១ ខែកុម្ភៈ ថា៖ “មួយរយៈពេលចុងក្រោយនេះ រោងចក្រផលិតសំបកកង់ឡានរបស់កូនខ្មែរ ដែល ធំជាងគេ និងដំបូងគេនៅកម្ពុជា សៃលុន (Sailun Tire Cambodia) លក់ដាច់ខ្លាំងមែនទែន! អតិថិជន ទាំងក្នុង និងក្រៅប្រទេស បានបញ្ជារទិញជាហូរហែយ៉ាងច្រើន ដែលចំនួននេះ កើនឡើងខ្ពស់ខ្លាំង និងមិនធ្លាប់មានទេពីមុនមកទេ។”
នាយកប្រតិបត្តិនៃក្រុមហ៊ុន PIC Tire Co.,Ltd រូបនេះ បន្ដថា កន្លងមករោងចក្រ សៃលុន ធ្លាប់ប្រកាសថា នឹងទទួលទិញជ័រកៅស៊ូពីកសិករនៅក្នុងស្រុក ក្នុងមួយឆ្នាំ ១០ម៉ឺនតោន ប៉ុន្ដែប្រសិនបើការបញ្ជារទិញកង់ឡានកាន់តែមានសន្ទុះកើនឡើងច្រើនបែបនេះ រោងចក្រនឹងពិចារណាបង្កើនការទិញជ័រកៅស៊ូពីបងប្អូនខ្មែរយើង លើសពី ១០ម៉ឺនតោន ក្នុងមួយឆ្នាំជាក់ជាមិនខាន។
លោក គឹន ឧត្តមមុនីស៊ីណាត បានគូសបញ្ជាក់ដោយមោទនភាពទៀតថា ប្រសិនបើរោងចក្រសៃលុន ទទួលបានការជឿទុកចិត្ដតាមរយៈគុណភាព និងប្រសិទ្ធភាព ពីសំណាក់អតិថិនជនក្នុងនិងក្រៅស្រុកបែបនេះទៀត រោងចក្រនឹងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទាញយកលុយជាច្រើនរយលានដុល្លារនៅក្នុងមួយឆ្នាំៗ ដើម្បីសម្រួលដល់សេដ្ឋកិច្ចកម្ពុជា។
ជាមួយនឹងមោទនភាពនេះ លោក ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធំៗក្នុងស្រុក បន្ដគាំទ្រសំបកកង់ឡានដែលធ្វើដោយស្នាដៃកូនខ្មែរសុទ្ធសាធមួយនេះបន្ថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរក្នុងស្រុក ក៏ដូចជារុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។
រោងចក្រផលិតសំបកកង់ឡាន សៃលុន មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង។ រោងចក្រផលិតសំបកកង់ឡាន សៃលុន បាននឹងស្រូបទាញទិន្នផលកៅស៊ូ ប្រមាណជាង ៣០% នៃទិន្នផលកៅស៊ូសរុប គិតតែក្នុងឆ្នាំ ២០២៤ ប្រមាណ ៥ ម៉ឺនតោន និង គ្រោងកែឆ្នៃទិន្នផលកៅស៊ូក្នុងស្រុកប្រមាណ ១ សែនតោន ដោយគិតជាសាច់ប្រាក់ប្រមាណជាង ២០០ លានដុល្លាអាមេរិក ក្នុងឆ្នាំ ២០២៥នេះ។
សូមបញ្ជាក់បន្ថែមថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូសរុប ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។ បើគិតត្រឹមរយៈពេល១១ខែ ឆ្នាំ២០២៤ ចំណូលពីការនាំចេញជ័រកៅស៊ូ មានចំនួន៥៦៨ ២៧៦ ០៥០ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ៤ ៨៧៣ ៨៦៧ដុល្លារ៕