កម្ពុជា-វៀតណាម នឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យធំៗចំនួន៥ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីពង្រីកទំនាក់ទំនងប្រទេសទាំងពីរកាន់តែខ្លាំងថែមទៀត។ការប្តេជ្ញានេះ ត្រូវបានធ្វើគើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេច ម៉ែន សំអន ទទួលជួបជាមួយលោក ង្វៀន មិញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាមប្រចាំនៅកម្ពុជា កាលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

នាឱកាសនោះ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនបានលើកឡើងអំពីចំណងមិត្តភាព និងកិច្ចសហប្រត្តិបត្តិការនៃប្រទេសទាំងពីរ ដែលបានជួយគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។ ជាមួយគ្នានេះ សម្តេច ម៉ែន សំអន ក៏បានសម្តែងនូវការស្វាគមន៍ និងបានចាត់ទុកបេសកកម្ម របស់លោកឯកអគ្គរដ្ឋទូតថ្មីនាពេលនេះ នឹងបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀត ពិសេសលើវិស័យធំៗចំនួន៥ រួមមាន៖ វិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែនជាដើម។
ទន្ទឹមគ្នានេះ លោក ង្វៀន មិញវូ (Nguyen Minh Vu) ក៏បានថ្លែងនូវការកោតសសើរចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា។ លោកក៏បាន លើកឡើង អំពីសមិទ្ធិផលជាច្រើន ដែលពលរដ្ឋកម្ពុជាទទួលបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ទើបកម្ពុជាមានការរីកចម្រើនដូចបច្ចុប្បន្ន។
សូមបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងប្រទេសវៀតណាមនេះដែរ ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម ក៏បានប្តេជ្ញារួមគ្នាជំរុញឱ្យសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្ម ២០ពាន់លានដុល្លាអាមេរិក ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញ ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំ ឆ្ពោះទៅអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកាន់តែប្រសើរ។
ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង លោក ង្វៀន មីញវូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា កាលទី១២ ខែកុម្ភៈ ឆ្នាំ២០២៥៕ អត្ថបទ៖ ហ្សាលីន