ក្រុមហ៊ុន Kingdom Hub Agro និងជាសហគ្រិនមកពីប្រទេសតួកគី បានបើកការិយាល័យតំណាងនៅកម្ពុជា។ កម្មវិធីបើកសម្ភោធក្រុមហ៊ុន Kingdom Hub Agro របស់វិនិយោគិនតួកគី ធ្វើឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក Egemen KIRAN អ្នកគ្រប់គ្រង Kingdom Hub Agro នៅកម្ពុជា និងជាសហគ្រិនមកពីប្រទេសតួកគី បានលើកឡើងថា ចន្ទីកម្ពុជាជាចន្ទីមានគុណភាពប្រណិត សាកសមក្នុងការនាំចេញទៅប្រទេសតួកគឺ អឺរ៉ុប និង Middle- East។
ជុំវិញការបើកការិយាល័យតំណាងនៅកម្ពុជា របស់ក្រុមហ៊ុនតួកគីនេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (CAC) បានឱ្យដឹងថា តួកគីចង់ឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលកែច្នៃគ្រាប់ស្វាយចន្ទី សម្រាប់នាំចេញទៅទីផ្សារអឺរ៉ុប ខណៈមកដល់ពេលនេះ កម្ពុជាបាននាំចេញតាមរយៈក្រុមហ៊ុន Mirath មួយប៉ុណ្ណោះ។
ដោយលោកបានលើកឡើងថា គោលការណ៍រួមរបស់ក្រុមហ៊ុនតួកគី គឺឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំទៅអឺរ៉ុប ខណៈមកដល់ពេលនេះយើងនាំទៅអឺរ៉ុបបានតែមួយក្រុមហ៊ុនទេគឺក្រុមហ៊ុនមីរ៉ាត់ ។លោកសង្ឈឹមថា តួកគីនឹងចាប់ផ្តើមរៀបចំ ផ្តួចផ្តើមក្នុងការផ្តុំសហគ្រាសរបស់សមាគមឱ្យចូលក្នុងច្រកតែមួយសម្រាប់នាំទៅអឺរ៉ុប។
បើតាមលោក អួន ស៊ីឡុត កន្លងមកតួកគីមានក្រុមហ៊ុន និងរោងចក្រខ្លះហើយនៅកម្ពុជា ប៉ុន្តែមកដល់នេះយើងនាំចេញទៅអឺរ៉ុបតិចតួចប៉ុណ្ណោះ។ដូច្នេះ លោកគិតថានេះជាសញ្ញាមួយដែលល្អសម្រាប់ស្វាយចន្ទីកែច្នៃក្នុងការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។
សូមជម្រាបជូនថា ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៥ម៉ឺនតោន កើនឡើង ២៦,៨ភាគរយ ក្នុងនោះកម្ពុជាបានចេញគ្រាប់ឆៅជាង ៨១ ម៉ឺនតោន កើនឡើង២១% និងទទួលបានចំណូល ១ ១៥០លានដុល្លារ កើនឡើង២៦.១៥%។
កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបជាង ៥៨ ម៉ឺនហិកតា ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា ក្រចេះ ជាង ១០ ម៉ឺនហិកតា រតនគិរីជាង៩ម៉ឺនហិកតា កំពង់ចាមជាង៤ម៉ឺនហិកា ស្ទឹងត្រែងជាង ៤ម៉ឺនហិកតា ត្បូងឃ្មុំជាង៣ម៉ឺនហិកតា សៀមរាបជាង៣ម៉ឺនហិកតា ព្រះវិហារជាង ២ម៉ឺនហិកតា ឧត្តរមានជ័យជាង១ម៉ឺនហិកតា និងមណ្ឌលគិរី ជាង៩ពាន់ហិកតា៕



