មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម៖ មន្រ្តីឆ្មាំទន្លេណាបើកដៃឱ្យមានការនេសាទខុសច្បាប់នៅតំបន់អភិរក្សផ្សោត នឹងធ្វើតាមយន្តការកាត់សាច់ស្អុយចេញ

សង្គម​ និង​សេដ្ឋកិច្ច

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ប្រសិនបើមានករណីមន្រ្តីឆ្មាំទន្លេណាប្រព្រឹត្តល្មើស រំលោភអំណាច អនុញ្ញាត ឬបើកដៃឱ្យមានការនេសាទខុសច្បាប់នៅតំបន់អភិរក្សផ្សោត មន្ដ្រីជំនាញនិងថ្នាក់ដឹកនាំ ចាំបាច់ត្រូវកែសម្រួលសមាសភាពឆ្មាំខិលខូចទាំងនោះ មិនអនុញ្ញាតឱ្យបន្តការងារទៀតទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ញាលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំកែសម្រួលសមាសភាពមន្ត្រីឆ្មាំទន្លេនៅតំបន់កាំពី ដើម្បីបង្កើនប្រសិទ្ធភាពការងារអភិរក្សសត្វផ្សោត កាលពីថ្ងៃដើមសប្តាហ៍កន្លងទៅ នៅខេត្តក្រចេះ។

កញ្ញា បានគូសបញ្ជាក់ថា យន្តការកាត់សាច់ស្អុយចេញនេះ ធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់មន្រ្តីឆ្មាំ ហើយក៏ជាការលើកទឹកចិត្តដល់មន្រ្តីដទៃទៀតដែលបំពេញការងារបានល្អ ប្រកបដោយឆន្ទៈស្មោះត្រង់ ស្រឡាញ់ និងពេញចិត្តលះបង់កម្លាំងកាយចិត្តអភិរក្សធនធានជលផលដោយមិនខ្លាចនឿយហត់។

ទន្ទឹមគ្នានេះ កញ្ញា ក៏បានផ្ដល់អនុសាសន៍ណែនាំដល់ឆ្មាំទន្លេ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហការបន្ថែមទៀត ក្នុងការងារចុះបង្ក្រាប បង្ការ និងទប់ស្កាត់បទល្មើសនេសាទនៅតំបន់អភិរក្សសត្វផ្សោត។ ការងារនេះ ត្រូវធ្វើដោយម៉ត់ចត់ មានផែនការ និងយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីបង្ក្រាប និងឈានទៅបញ្ឈប់រាល់ការប្រើប្រាស់មងក្រឡាធំ សន្ទូចរនង និងឧបករណ៍ឆក់ ព្រោះឧបករណ៍ទាំងនេះបង្កហានិភ័យខ្ពស់ដល់សត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ។

សូមជម្រាបជូនថា យោងតាមអនុក្រឹត្យកំណត់អំពីតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ក្នុងមាត្រា៧ ចែងថា ហាមឃាត់សកម្មភាពក្នុងកន្លែងអភិរក្សសត្វផ្សោតដូចជា ការធ្វើនេសាទគ្រប់ប្រភេទ ការធ្វើវារីវប្បកម្ម ការធ្វើនាវាចរឆ្លងកាត់ដែលមានឧបករណ៍ត្រៀមធ្វើនេសាទ។ ការធ្វើនាវាចរដែលមានល្បឿនលើសពី ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ការតាំងទីលំនៅ សកម្មភាពផ្សេងទៀតដែលប៉ះពាល់ដល់ប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ជាពិសេសសត្វផ្សោត។

ដោយឡែកក្នុង មាត្រា៨ បានចែងថា ហាមឃាត់ការធ្វើនេសាទក្នុងកន្លែងការពារសត្វផ្សោតដូចជា ការធ្វើនេសាទដោយប្រើមង ឬសន្ទូចរនង និងការធ្វើនេសាទដោយឧបករណ៍នេសាទខ្នាតមធ្យមនិងខ្នាតធំ។

ក្នុងអនុក្រឹត្យនេះផងដែរ ក៏បានចែងថាបុគ្គលណាដែលបំពាននិងបទប្បញ្ញត្តិនៃអនុក្រឹត្យនេះត្រូវទទួលទណ្ឌកម្មរដ្ឋបាលនិងទណ្ឌកម្មផ្សេងទៀតស្រប តាមច្បាប់៕