កម្ពុជា និងធនាគារពិភពលោក កំពុងរួមគ្នាពង្រឹងនូវប្រសិទ្ធភាពនៃច្រករបៀងសេដ្ឋកិច្ចតាមព្រំដែន

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយក្រុមការងាររបស់ធនាគារពិភពលោក ដើម្បីរួមគ្នាពង្រឹងនូវប្រសិទ្ធភាពនៃច្រករបៀងសេដ្ឋកិច្ចតាមព្រំដែន សំដៅឈានទៅកាត់បន្ថយចំណាយ និងថ្លៃដើមនៃការធ្វើពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជមនួបពិភាក្សា រវាងលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយក្រុមការងាររបស់ធនាគារពិភពលោក ដែលដឹកនាំដោយ លោក Sebastian Eckardt ប្រធានអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងជាអ្នកដឹកនាំក្រុមការងារ (TTL)កាលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចពិភាក្សាបានផ្តោតលើការការគាំទ្រដែលមានសក្តានុពលសម្រាប់គម្រោង Cambodia Regional Connectivity Improvement Project ដោយសង្កត់ធ្ងន់លើកិច្ចសម្រួលពាណិជ្ជកម្ម ដែលភាគីទាំងពីរបានរិះរកមធ្យោបាយដើម្បីបង្កើនជំនួយផ្នែកហិរញ្ញវត្ថុ សំដៅពង្រឹងនូវប្រសិទ្ធភាពនៃច្រករបៀងសេដ្ឋកិច្ចតាមព្រំដែន ក្នុងគោលបំណងកាត់បន្ថយចំណាយ និងថ្លៃដើមនៃការធ្វើពាណិជ្ជកម្មកាន់មានតម្លៃទាប។

បន្ថែមពីនេះ កិច្ចប្រជុំនេះ ក៏បានលើកឡើងពីការអនុវត្តជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួលពាណិជ្ជកម្ម ក្រោមកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO TFA) រួមមាន៖ ពាណិជ្ជកម្មតាមប្រព័ន្ធឌីយីថល ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ការទូទាត់តាមអនឡាញ ការពង្រឹងនីតិវិធីដឹកជញ្ជូនទំនិញឆ្លងកាត់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង ការធ្វើសាមញ្ញកម្មប្រព័ន្ធគយ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការពង្រីកបន្ថែមទៀតនូវទំហំការងារប្រព័ន្ធបញ្ជរតែមួយជាតិ និងការបណ្តុះបណ្តាលមន្រ្តីជំនាញសម្រួលពាណិជ្ជកម្ម ជាដើម។

សូមជម្រាបជូនដែរថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសជាសមាជិក​អាស៊ានមាន​ទំហំទឹកប្រាក់ជាង ១៤,៣ពាន់​លានដុល្លារ​ កើនឡើង ១២,​៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយរកាណ៍របស់ក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍នេះ កម្ពុជាបាន​នាំចេញ​ទំនិញ​​ក្នុងទំហំទឹកប្រាក់ជាង ៤.៦២០លានដុល្លារ កើនឡើង ៨,៨៧ ភាគរយ ខណៈ​ការនាំចូលពីបណ្តាប្រទេសសមាជិក​អាស៊ានចូលមក​កាន់កម្ពុជាមានទឹកប្រាក់ ៩.៦៨៩លានដុល្លារ កើនឡើង ១៤,៨៥ ភាគរយ។

ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ មានប្រទេសចំនួន៥ ដែលជាដៃ​គូ​ពាណិជ្ជកម្មកំពូល របស់កម្ពុជា រួមមាន៖ ប្រទេសវៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី៕ អត្ថបទ៖ហ្សាលីន