គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចលទ្ធផល ៨៥,១២% ហើយ។ នេះបើតាមការឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្តេចធិបតី បានឱ្យដឹងថា ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨,០៣៨គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅខេត្តកោះកុង ត្រូវបានលើកកម្រិតគុណភាពជាប្រភេទបេតុងកៅស៊ូ(AC) ដែលបច្ចុប្បន្នកំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំង ឆ្នាំ២០២៥ខាងមុខនេះ។ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរដោយភាពងាយស្រួល លែងលំបាកដូចមុនហើយ។
សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប១៤៨,០៣៨គីឡូម៉ែត្រ ត្រង់ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ PK ១៤១+៧៥០ (ចំការហ្លួង-ស្រុកស្រែអំបិល) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបើកការដ្ឋានសាងសង់កាលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាប្រមាណ ៧៨លានដុល្លារ។
បើតាមសម្តេចធិបតី ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលជាបណ្ដាញតភ្ជាប់ប្រកបដោយសក្តានុពលសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។
ខ្សែផ្លូវនេះដើរតួនាទី ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕


