សម្តេចធិបតី៖ ការកើនឡើងនៃទិន្នផលត្រីឆ្នាំនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទិន្នផលត្រីឆ្នាំនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈសម្តេចថា ការកើនឡើងនៃទិន្នផលត្រីឆ្នាំនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅលើទំព័រហ្វេសប៊ុក កាលព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ទិន្នផលត្រីឆ្នាំនេះមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលធានាបាននូវបរិមាណត្រី និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទិញហូប។

សម្តេចបន្តថា« យើងអាចនិយាយបានថា កត្តារួមចំណែកមួយនៃការកើនឡើងនៃទិន្នផលត្រីឆ្នាំនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចមូលដ្ឋាន និងមានការចូលរួមពីកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ក្នុងការសហការបង្ក្រាបបទល្មើសជលផលដែលបង្កដោយសកម្មភាពនេសាទខុសច្បាប់ទ្រង់ទ្រាយធំមួយចំនួន»។

សម្តេចធិបតី អះអាងថា លទ្ធផលនេះទទួលបានការសាទរយ៉ាងខ្លាំងពីប្រជានេសាទរបស់យើង ដែលកន្លងទៅបទល្មើសនេសាទទ្រង់ទ្រាយធំ បានធ្វើឱ្យប៉ះពាល់ដល់ទិន្នផលត្រីសម្រាប់ប្រជាជនជាអ្នកនេសាទតូចតាច។

ជាថ្មីម្តងទៀត សម្តេចក៏បានអរគុណដល់មន្ត្រីជំនាញ ទាំងថ្នាក់ជាតិនិងក្រោមជាតិ អាជ្ញាធរមូលដ្ឋាន នឹងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ដែលបានរួមគ្នាធ្វើកិច្ចការនេះដើម្បីផលប្រយោជន៍សម្រាប់ប្រជានេសាទយើង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានត្រីនៅកម្ពុជា៕ អត្ថបទ៖ ហ្សាលីន