កម្ពុជា-អូស្រ្តាលី បើកកិច្ចពិភាក្សាគ្នាពង្រីកទីផ្សារនាំចេញ ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានបើកកិច្ចពិភាក្សាគ្នា ដើម្បីពង្រីកទីផ្សារនាំចេញ សំដៅឈានទៅលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាងលោក សំហេង បូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយលោកស្រី Kanu Negi លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងតំណាងពីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។

យោងតាមហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងាររបស់ CAPRED ការរៀបចំទិសដៅយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥។ ក្រសួងបន្តថា CAPRED គឺជាកម្មវិធីដ៏សំខាន់មួយរបស់អូស្ត្រាលីក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា (២០២២-២០២៧) បានជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ និងនិរន្តរភាព។

ក្នុងកិច្ចប្រជុំនេះ កម្ពុជា- អូស្រ្តាលី ក៏បានពិភាក្សាពីសមិទ្ធផលសំខាន់ៗ និងសកម្មភាពដែលកំពុងដំណើរការ ជាពិសេសលើកិច្ចសហការជាមួយវិស័យឯកជន ការជំរុញការនាំចេញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស័យទាំងនេះត្រូវបានកំណត់ជាអាទិភាពសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។កិច្ចពិភាក្សានេះក៏បានលើកឡើងពីវឌ្ឍនភាពសំខាន់ៗក្នុងការពង្រីកទីផ្សារនាំចេញរបស់កម្ពុជា ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងការបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់សហគ្រាសធុនតូច និងមធ្យម។

បន្ថែមពីនេះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ CAPRED ដោយលើកសំខាន់នូវអត្ថប្រយោជន៍នៃការពង្រឹងកិច្ចសហការយូរអង្វែង ប្រកបដោយនិរន្តរភាព។ កិច្ចប្រជុំនេះបានបញ្ចប់ដោយលទ្ធផលវិជ្ជមាន ដែលជួយជំរុញសក្ដានុពលរបស់កម្ពុជា ក្នុងទីផ្សារតំបន់ និងអន្តរជាតិ។

សូមរម្លឹកដែរថា គិតត្រឹមរយៈពេល៦ខែឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានប្រមាណ ២៦ពាន់លានដុល្លារ កើនឡើង១២,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមរបាយការណ៍ ក្នុងឆមាសទី១ឆ្នាំ២០២៤ កម្ពុជាអាចរកចំណូលពីការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិបានចំនួនប្រមាណ ១២,២ពាន់លានដុល្លារ កើនឡើង១២.៦% ហើយនាំចូលមកវិញក្នុងទំហំទឹកប្រាក់ប្រមាណ ១៣,៧ពាន់លានដុល្លារ កើនឡើង ១២.៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕ អត្ថបទ៖ ហ្សាលីន