លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានជំរុញឱ្យវិនិយោគិនចិន១៨ក្រុមហ៊ុនមកពីទីក្រុងនីងប៉ ខេត្តចឺជាំង ធ្វើការគិតគូរក្នុងការបង្កើតខ្សែចង្វាក់ផលិតកម្មក្នុងវិស័យកសិកម្ម ជាពិសេសការកែច្នៃស្វាយចន្ទីដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកធ្វើការជំរុញបែបនេះ ក្នុងជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី និងសហការី តាមរយៈអ្នកឧកញ៉ា ពុង ខៀវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា ភីអិលស៊ី ជាមួយគណៈប្រតិភូក្រុមហ៊ុនចិនចំនួន១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង ដឹកនាំដោយលោកស្រី លូ ចឺឈីង (Lu Zhiqiong) អគ្គនាយកធនាគារនីងប៉។
ក្នុងជំនួបនោះ លោក ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា ហើយក៏បានលើកទ្បើងពីសក្តានុពលក្នុងវិស័យឧស្សាហកម្ម,កម្មន្តសាល, ការកែច្នៃផលិតផល, ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសកម្ពុជាមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមានស្រូវ ដំទ្បូងមី និងស្វាយចន្ទីជាដើម ដែលទាមទារឱ្យមានការ វិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។
ឆ្លៀតក្នុងឱកាសនោះ លោកក៏បានជំរុញឱ្យវិនិយោគិនធ្វើការគិតគូរក្នុងការបង្កើតខ្សែចង្វាក់ផលិតកម្មក្នុងវិស័យ កសិកម្ម ជាពិសេសការកែច្នៃស្វាយចន្ទីដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ដោយលោកអគ្គលេខាធិការ បានបញ្ជាក់គណៈប្រតិភូពីស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការ វិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ព្រមទាំងការលើកទឹកចិត្តនានា។
ជាការឆ្លើយតប លោកស្រី លូ ចឺឈីង បានជម្រាបជូនយ៉ាងក្បោះក្បាយពីបរិយាកាសវិនិយោគនៅកម្ពុជា។ លោកស្រីសង្ឃឹមថា តាមរយៈជំនួបលើកនេះ នឹងធ្វើឲ្យក្រុមហ៊ុនមានចំណាប់អារម្មណ៍កាន់តែខ្លាំងក្នុងការគិតគូរមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
សូមជម្រាបជូនផងដែរថា ក្រុមហ៊ុនទាំង១៨ខាងលើ មានកម្មវត្ថុអាជីវកម្មក្នុងវិស័យមួយចំនួនដូចជាការកែច្នៃកៅស៊ូ ផលិតសម្ភារៈបរិក្ខារពេទ្យ សម្ភារៈឆ្លាតវៃប្រើប្រាស់ក្នុងផ្ទះ សម្លៀកបំពាក់ និងធនាគារ ។ល។

