លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមូលនិធិអប់រំកុមារ នាំយកសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សជាង ២០០នាក់ នៅសាលាបឋមសិក្សាអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ

សង្គម​ និង​សេដ្ឋកិច្ច

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមូលនិធិអប់រំកុមារ និងក្រុមការងារ បាននាំយកអំណោយជាសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សជាង២០០នាក់ នៅសាលាបឋមសិក្សាអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់សារព័ត៌មានឌីជីថល ឧកញ៉ាញូស៍ នៅក្នុងឱកាសនោះផងដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ស្ថាបនិក ប្រធានមូលនិធិអប់រំកុមារ បានលើកឡើងថា៖ « ថ្ងៃនេះមូលនិធិអប់រំកុមារមានកិត្ដិយសសហការជាមួយវិទ្យាស្ថាន CamEd ដែលមាននិស្សិតមកពីក្លិបអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់ CamEd បានរួមសហការគ្នាចែកសម្ភារៈសិក្សានៅភូមិអណ្តូងពោធិ៍ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ»។

លោកបណ្ឌិត បានគូសបញ្ជាក់ថា ការមកចែកសម្ភារៈសិក្សានៅថ្ងៃនេះ គឺចែកសិស្សចំនួន ២១៨នាក់ ក្នុងនោះមានសិស្សក្រីក្រ ចំនួន៤៣នាក់ និងសិស្សដែលមានជីវភាពខ្វះខាតចំនួន១៥នាក់។ សម្រាប់សម្ភារៈដែលនឹងផ្ដល់ជូនគឺមានកង់ចំនួន១៥គ្រឿង, កាតាបចំនួន២១៨, សៀវភៅចំនួន ១០០០ក្បាល, ប៊ិច ខ្មៅដៃ ជ័រលុប បន្ទាត់ ២១៨កំប្លេ និងសៀវភៅអានចំនួន ១កេសផងដែរ។

ជាមួយនឹងបេសកម្មជួយដល់កុមារឱ្យបានរៀនចប់យ៉ាងហោចថ្នាក់ទី១២នេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ដែលតែងតែឧបត្ថម្ភកង់ចំនួន ១៥ ស្មើនឹងថវិកា ៤៥០ដុល្លារអាមេរិច ដើម្បីយកចែកជូនសិស្សខ្វះខាតលទ្ធភាព និងមធ្យោបាយធ្វើដំណើរមកសាលារៀន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះសប្បុរសជនដែលមានបំណងចង់ចូលរួមជាមួយនឹងមូលនិធិ តាមរយៈជាថវិកាក្ដី សម្ភារៈសិក្សា សំលៀកបំពាក់ថ្មី ឬចាស់ អង្ករ សាច់ក្រក ត្រីងៀត ត្រីខ និងមីកញ្ចប់ជាដើម គឺមូលនិធិរីករាយទទួលយកទាំងអស់។

ទន្ទឹមនឹងនោះ លោកបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនសប្បុរសជនទាំងអស់ចូលរួមជាមួយមូលនិធិអប់រំកុមារផងដែរ ដើម្បីជាចំណែកមួយក្នុងការជួយដល់កិច្ចការងារសង្គម ព្រមទាំងលើកកម្ពស់ការអប់រំនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា មូលនិធិអប់រំកុមារ (មអក) បានបង្កើតឡើង កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដែលជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជួយគាំទ្រដល់កុមារខ្វះលទ្ធភាពសិក្សា កុំឱ្យពួកគាត់បោះបង់ការ សិក្សា ក៏ដូចជាការផ្ដល់អាហារូបករណ៍ជាសម្ភារៈសិក្សានិងគ្រឿងឧបភោគបរិភោគដល់កុមារដែលមានជីវភាពខ្វះខាត។

គិតត្រឹមខែមករា ឆ្នាំ២០២៥ ក្រោមការជួយឧបត្ថម្ភ និងចូលរួមពីសំណាក់សប្បុរសជន មូលនិធិអប់រំកុមារ បាននាំយកសម្ភាៈសិក្សា (សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប) សម្លៀកបំពាក់ គ្រឿងឧបភោគបរិភោគ កង់ ម៉ូតូរ៉ឺម៉កកង់៣ សម្រាប់ដឹកកុមារមានពិការភាព កុមារកំព្រា កុមារខ្វះខាតជីវភាព ចែកជូនសិស្សានុសិស្សសរុប បានចំនួនជាង ២០០០នាក់។

បេសកកម្មរបស់មូលនិធិ អប់រំកុមារ គឺកៀរគរថវិកា សម្ភារសិក្សាពីសប្បុរសជន ប្រើប្រាស់ប្រកបដោយតម្លាភាព ត្រឹមត្រូវ និងចំគោលដៅសម្រាប់ជួយដល់កុមារខ្វះលទ្ធភាពសិក្សាពិតប្រាកដនៅកម្ពុជា៕