ក្រុមតារាបាល់ទាត់កម្ពុជា ដែលដឹកនាំដោយលោកខេម និងចាប់ដៃគ្នាជាមួយក្រុមតារាបាល់ទាត់ថៃ ប្រកួតបាល់ទាត់ខ្នាតអន្ដរជាតិ ដើម្បីរំលឹកអនុស្សាវរីយ៍ខួប៧៥ឆ្នាំ នៃទំនាក់ទំនងការទូតខ្មែរ-ថៃ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយឧកញ៉ាញូស៍កាលពីពេលថ្មីៗនេះ លោកខេម បានឱ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ខ្មែរ និងថៃនាពេលខាងមុននេះ ធ្វើឡើងក្រោមប្រធានបទ «កីឡាសតវត្សនៃព្រះធម៌» ដែលការប្រកួតនឹងចាប់ផ្ដើមចាប់ពីម៉ោង២រសៀលតទៅ នៅស្ដាតអូឡាំពិច។
សម្រាប់ក្រុមដែលចូលរួមប្រកួតមានចំនួន២គូរគឺគូរទី១ គុនខ្មែរ ជាមួយនឹងមួយថៃ និងគូរទី២ តារាបាល់ទាត់កម្ពុជា និងតារាបាល់ទាត់ថៃ។
លោកខេមបានឱ្យដឹងទៀតថា ការប្រកួតនេះមិនមែនផ្ដោតលើលទ្ធផលចាញ់ឬក៏ឈ្នះនោះទេ ប៉ុន្ដែជាការប្រកួតដែលផ្ដល់នូវទេសភាព ទំនាក់ទំនង ក្ដីស្រឡាញ់រវាងយើងជាប្រទេសជិតខាង។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានគូសបញ្ជាក់ថា នេះជាលើកទី១ហើយសម្រាប់ការប្រកួតរបស់ក្រុមតារាបាល់ទាត់កម្ពុជា និងថៃ។ ក្រុមទាំងពីរនេះ នឹងប្រកួតគ្នានៅលើវាលស្មៅ ដើម្បីបង្ហាញពីវប្បធម៌នៃការរួមរស់ដោយសន្ដិភាព ព្រោះយើងជាប្រទេសជិតខាងរស់នៅតាមដងទន្លេមេគង្គជាមួយគ្នា។
ឯកឧត្តម សង្កត់ធ្ងន់ថា ព្រឹត្ដិការណ៍នេះនឹងបង្ហាញនូវការរួបរួមសាមគ្គីនៃសហគមន៍អាស៊ាន ជាពិសេសប្រទេសកម្ពុជា និងប្រទេសថៃ ដែលនេះជារឿងសំខាន់ណាស់ ព្រោះថាប្រទេសយើងទាំងពីរបានផ្សារភ្ជាប់ទំនាក់ទំនងជាយូរមកហើយ ទាំងទំនាក់ទំនងកាទូត និងវិស័យពាណិជ្ជកម្មជាដើម។
ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រការប្រកួតបាល់ទាត់នេះផងដែរ ដើម្បីលើកទឹកចិត្ដដល់កីឡាករទាំងអស់ដែលខិតខំលេងនៅលើវាលស្មៅ៕







