កម្ពុជា នាំចេញថ្មក្រានីតទៅកាន់ទីផ្សារអន្តរជាតិ ពី ២ ទៅ ៣ម៉ឺនកុងតឺន័រក្នុងមួយឆ្នាំ ចំណូលចូលជាតិប្រមាណ៩០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច


ភ្នំពេញ៖ បច្ចុប្បន្ននេះ ក្រុមហ៊ុនជាច្រើនមានសមត្ថភាពនាំចេញថ្មក្រានីតទៅកាន់ទីផ្សារអន្តរជាតិមានចន្លោះចាប់បីពី ២០ ០០០ ទៅ ៣០ ០០០ កុងតឺន័រក្នុងមួយឆ្នាំ ។មកដល់ឆ្នាំ២០២៤ បរិមាណផលិតកម្មថ្មអារសន្លឹកនាំចេញមានចំនួន ៣ ៤៩២ ១៨៩ម៉ែត្រការ៉េ ដែលចំនួននេះមានកំណើនគួរឱ្យកត់សម្គាល់ និងបរិមាណផលិតកម្មថ្មអារប្លុកនាំចេញផលិតបាន ២២២ ១៥១ ម៉ែត្រគូប។ ថ្មអារនាំចេញទៅប្រទេសចិន ប្រទេសវៀតណាម ប្រទេសអ៊ីតាលី កាណាដា និងបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក។នេះបើតាមការឱ្យដឹងរបស់លោកស្រី ឡេង ដាវី អនុប្រធានសមាគមន៍ថ្មអារកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទំនិញប្រភេទ ដីនិងថ្ម ម្នាងសិលា កំបោរ និងស៊ីម៉ង់ត៍ ដែលនាំចូលក្នុងទីផ្សារកម្ពុជា មានទំហំទឹកប្រាក់កើនឡើងដល់ ២០៩ ២១៥ ០០០ដុល្លារអាម៉េរិក ត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតលើគំរោងសាងសង់ទូទាំងប្រទេសចំនួន ៣២០៧គម្រោង មានទុនវិនិយោគប្រមាណ ២ ៩៧២ ២៦០ ៩២៨ ដុល្លារអាម៉េរិក កើនឡើង ៨៤.៤១%។ នៅត្រង់ចំណុចនេះបានឆ្លុះបញ្ចាំងអំពីតម្រូវការថ្មអារធម្មជាតិ និងសម្ភារៈសំណង់នាំចូលនានា នឹងនៅតែមានសក្កានុពលសម្រាប់ធ្វើអាជីវកម្មនៅក្នុងទីផ្សារកម្ពុជា។

អ្នកស្រីបន្តថា បច្ចុប្បន្ន នៅក្នុងខេត្តក្រចេះទាំងមូល មានរោងចក្រកែច្នៃថ្មអារសរុបចំនួនជាង៣០រោងចក្រ ដោយក្នុងមួយរោងចក្រអាចមានសមត្ថកិច្ចកែច្នៃថ្មអារចន្លោះពី ២ម៉ឺនម៉ែត្រការ៉េ ទៅ ៥ម៉ឺនម៉ែត្រការ៉េក្នុងមួយខែ។

អ្នកស្រី បានបន្ថែមថា ក្នុងឆ្នាំ ២០២៤កន្លងទៅនេះ អាជីវកម្មរ៉ែថ្មអារ ក្នុងប្រទេសកកម្ពុជា បានរកចំណូលជូនរដ្ឋបានប្រមាណ៩០លានដុល្លារអាមេរិក ហើយរំពឹងថាអាជីវកម្មនេះ នឹងអាចរកចំណូលកើនឡើង១០ដងបន្ថែមទៀតនៅពេលដែលមានការវិនិយោគកែច្នៃ និងនាំចេញនាពេលឆាប់ៗនេះ។ ដូច្នេះ វាអាចរកចំណូលបានរហូតដល់ជិត១ពាន់លានដុល្លារអាមេរិក ជាពិសេសនៅពេលមានការវិនិយោគថ្មីៗពីវិនិយោគិនក្នុង និងក្រៅប្រទេស អ្វីដែលពិសេសនោះ រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តដល់អ្នកធ្វើអាជីវកម្មរ៉ែថ្មអារផងដែរ ដោយបានកំណត់ប្រភេទផលិតផលសម្រេច និងមិនជាប់ពន្ធ ។


ថ្មីៗកន្លងមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ជាប្រទេសដែលសំបូរដោយធនធានរ៉ែជាមួយនឹងសេដ្ឋកិច្ចបើកចំហ ហើយការនាំចេញក្នុងវិស័យថ្មអាររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនាបច្ចុប្បន្នមានកំណើនរហូតដល់ ៤ដង ដែលនេះលទ្ធផលជាទីមោទនៈ ដោយរាជរដ្ឋាភិបាលមានចក្ខុវិស័យក្នុងការប្រែក្លាយវិស័យមួយនេះឱ្យមានភាពរីកចម្រើនខ្លាំង៕