មណ្ឌលគិរី៖ ក្រោយពីការសិក្សារយៈពេល១៥ឆ្នាំ ទីបំផុតក្រុមហ៊ុន Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី បានបើកការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់ «រ៉ែមាស» នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅឆ្នាំ២០២១មក ដោយចំណាយទុន១២០លានដុល្លារ។

លោក Bernie Cleary នាយកគ្រប់គ្រងនៃក្រុមហ៊ុន Renaissance បានឱ្យដឹងថា៖គិតត្រឹមខែកុម្ភៈឆ្នាំ២០២៥ ក្រុមហ៊ុន បានផលិតមាស បានជាង ១៣ តោន។
លោកបានមានប្រសាសន៍ទៀតថា គម្រោងទាញយករ៉ែមាសនៅតំបន់អូរខ្វាវរបស់ក្រុមហ៊ុន មានផ្ទៃប្រមាណជាង១ពាន់ហិកតា ។បច្ចុប្បន្ន ការដ្ឋាននេះ មានបុគ្គលិកសរុប ៧៥០នាក់ ក្នុងនោះមានខ្មែរ ៦៥៩នាក់។ ចំពោះបុគ្គលិកប្រចាំនៅការដ្ឋាន មានចំនួន៥៥០នាក់ ក្នុងនោះមានបុគ្គលិកជាស្រ្តីចំនួន៦០នាក់។
ដោយឡែក ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ក៏កំពុងសិក្សាពីលទ្ធភាពក្នុងការរុករករ៉ែមាស នៅក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផងដែរ។
លោកគង់ ស៊ីថា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពល បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងទៅ រដ្ឋបានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានប្រមាណ៩០លានដុល្លារអាមេរិក ដោយឡែកសម្រាប់ក្រុមហ៊ុន Renaissance ដែលជាក្រុមហ៊ុនកំពុងទាញយកនិងចម្រាញ់រ៉ែមាសនៅខេត្តមណ្ឌលគិរី រដ្ឋទទួលចំណូលមិនមែនសារពើពន្ធ ប្រមាណ៥០លានដុល្លារអាមេរិក៕

