សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះនៅលើទំព័រ្វេសប៊ុកកាលព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៥ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់វិនិយោគ ៦០លានដុល្លារពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអាណត្តិមកហើយ។ ជាលទ្ធផល រាជរដ្ឋាភិបាលបានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស។
សម្តេចបន្តថា ទោះជាយ៉ាងនេះក៏ដោយ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុងនិងទីប្រជុំជនធំៗ។
ហេតុនេះ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។ ថ្មីៗនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្តេច បានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារអាមេរិកក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត។
សម្តេចបន្ថែមថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាតនៅ ៥ខេត្ត រួមមាន៖ រដ្ឋករទឹកកំពតខេត្តកំពត ខេត្តស្វាយរៀង ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី និងខេត្តពោធិ៍សាត់។ ខណៈសម្តេចថា នឹងបន្តកិច្ចការងារនេះជាជំហានៗ រហូតដល់បណ្ដាញទឹកស្អាត មានលទ្ធភាពគ្របដណ្តប់ទូទាំងប្រទេសនៅថ្ងៃអនាគតផងដែរ។
តាមរយៈថវិកានេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ១៧ ខែកុម្ភៈ នេះ បានលើកឡើងដែរថា តាងនាមវិស័យទឹកស្អាត ប្រជាពលរដ្ឋ អាជីវកម្ម ឧស្សាហកម្ម និងធុរកិច្ចនានា ដែលនឹងទទួលផលពីគម្រោងទាំងនេះ លោកសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ចំពោះការគិតគូរយកចិត្តដាក់ ប្រកបដោយសុភវិនិច្ឆ័យ៕ អត្ថបទ៖ ហ្សាលីន