ក្រុមហ៊ុនចិន ICAP មានបំណងវិនិយោគលើការផលិតគ្រឿងបង្គុំយានយន្តអគ្គិសនីនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Infinite Capital Holding Company (ICAP) ដែលជាក្រុមហ៊ុនវិនិយោគធំមួយរបស់ចិន បានបង្ហាញប្រាប់រាជរដ្ឋាភិបាលកម្ពុជា ពីបំណងចង់វិនិយោគលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ​ខណៈបច្ចុប្បន្នក្រុមហ៊ុន បានមកជួបពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជារួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Infinite Capital Holding Company (ICAP)  កាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

នាឱកាសនោះ លោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Infinite Capital Holding Company (ICAP)  បានឱ្យដឹងថា ក្រុមហ៊ុនមានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យយានយន្ដប្រើប្រាស់ថាមពលស្អាត​ (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី។

លោកអះអាងថា ការចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ គឺដោយសារកម្ពុជា​ មានសុខសន្តិភាពពេញលេញ ការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់​ និងប្រកបដោយភាពភាពធន់ក្នុងរង្វង់៦% បើទោះបីជាកម្ពុជាទទួលរងនូវផលប៉ះពាល់ដោយសារការរីករាត្បាតពីជំងឺកូវីដ-១៩ ក៏ដូចជាភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចពិភពលោកក៏ដោយ។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំណាប់អារម្មណ៍ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ខណៈរដ្ឋាភិបាលកំពុងលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគ ក្នុងការស្វែងរកឱកាសវិនិយោគទៅលើវិស័យផលិតគ្រឿងបង្គុំរថយន្ត ក៏ដូចជាខ្សែច្រវាក់ផ្គត់ផ្គង់នានា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ ទន្ទឹមគ្នានេះ សម្តេចក៏បានជំរុញក្រុមហ៊ុនបន្តសិក្សាឱ្យបានលម្អិត ក៏ដូចជាបន្តផ្សារភ្ជាប់ទំនាក់ទំនង​ និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា​ដើម្បីទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយផងដែរ។

សូមជម្រាប់ដែរថា ចិន នៅតែរក្សាភាពនាំមុខឈរលំដាប់ទី១ ជាវិនិយោគិនដែលបណ្ដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេសម្រាប់ខែ មករាឆ្នាំ២០២៥។នេះបើតាមប្រភពរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ជាក់ស្តែង ត្រឹមខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាទទួលបានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារអាមេរិក ក្នុងនោះមានប្រភពទុនវិនិយោគពីប្រទេសចិនប្រមាណ ៧៣,៣៥ភាគរយ ឬប្រមាណជា ៥៤៨លានដុល្លារអាមេរិក៕ អត្ថបទ៖ ហ្សាលីន