សម្តេចធិបតី ៖ គុណភាពអប់រំ ជាការកំណត់គុណភាពធនធានមនុស្ស និងការអភិវឌ្ឍប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គុណភាពអប់រំ គឺជាការកំណត់គុណភាពធនធានមនុស្ស និងការអភិវឌ្ឍប្រទេសជាតិរបស់យើង។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំត្រូវមានភាពបុរេសកម្ម និងមានចក្ខុវិស័យវែងឆ្ងាយ។ គោលនយោបាយរបស់សម្តេច អាចទទួលបានជោគជ័យ អាស្រ័យលើសេនាធិការមានភាពរឹងមាំ ច្បាស់លាស់ និងប្រកបដោយបុរេសកម្ម។

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «គុណភាពនៃធនធានមនុស្ស គឺជាកត្តាកំណត់គុណភាព និងសមត្ថភាពរបស់ប្រទេសយើង ក្នុងការអភិវឌ្ឍ ប្រកួតប្រជែង ប្រកបដោយចីរភាព។ ដូចគ្នានេះ គុណភាពនៃការអប់រំ បណ្តុះបណ្តាល គឺជាកត្តាគន្លឹះគុណភាពនៃធនធានមនុស្ស អីចឹងយើងអាចនិយាយថា គុណភាពនៃការបណ្តុះបណ្តល គឺជាកត្តាគន្លឹះមួយសំខាន់ សម្រាប់ការធានានៃការអភិវឌ្ឍ ប្រកួតប្រជែកប្រទេសជាតិរបស់យើង»

បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការពង្រឹងវិស័យអប់រំ ជាពិសេសវិស័យបច្ចេកវិទ្យាព័ត៌មាន រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តគោលនយោបាយសំខាន់ៗ ក្នុងគោលដៅអនុវត្ត និងធ្វើទំនើបកម្មឧស្សាហកម្ម តាមរយៈការកសាងនូវពលរដ្ឋឌីជីថល ដែលមានសមត្ថភាពទទួលយកបច្ចេកវិទ្យា និងឲ្យមានពុទ្ធិជាមូលដ្ឋាន។ ក្នុងន័យនេះ ការផ្គត់ផ្គង់ធនធានមនុស្ស ដែលមានមូលធនមនុស្ស និងមានចំណេះដឹងទូលំទូលាយ នៅលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា សារព័ត៌មាន ទូរគមនាគមន៍ និងនវានុវត្តន៍ ជាកត្តាចាំបាច់សម្រាប់អនុវត្តការអភិវឌ្ឍរបស់កម្ពុជា។

ទន្ទឹមនេះគ្នា សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យលើកកម្ពស់គុណភាពអប់រំផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋចាប់តាំងពីមត្តេយ្យដល់ថ្នាក់មធ្យមសិក្សាដែលក្នុងនោះមានគោលដៅ៤ចំណុចរួមមាន៖ទី១-ការពង្រឹងអភិបាលកិច្ចសាលារៀន។ ទី២-ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ ឥរិយាបថរបស់សិស្ស។ទី៣-ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា។និងទី៤-ការជំរុញលើកទឹកចិត្តការចូលរួមរបស់មាតាបិតាអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក«ភាពជាដៃគូរដ្ឋនិងសហគមន៍ដើម្បីការអប់រំ»៕ អត្ថបទ៖ ហ្សាលីន