ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលផ្ដល់ថវិកាជិត ២០លានដុល្លារ ដើម្បីធ្វើទំនើបកម្ម បំពាក់សម្ភារៈសម្រាប់វះកាត់សង្គ្រោះបន្ទាន់ (ICU) នៅតាមមន្ទីរពេទ្យបង្អែកស្រុកកម្រិត២។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្តេចបានឱ្យដឹងបន្តថា ការទម្លាក់ថវិកាជិត២០ លានដុល្លារបន្ថែមនេះ គឺមានគោលដៅក្នុងការធ្វើទំនើបកម្ម និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសម្ភារៈមួយចំនួន នៅក្នុងផ្នែក ICU នៅមន្ទីរពេទ្យបង្អែកទាំង៦១នេះ ដើម្បីឱ្យមន្ទីរពេទ្យបង្អែកស្រុកទាំងអស់ មានស្ដង់ដារក្នុងការជួយសង្រ្គោះជីវិតមនុស្ស បានទាន់ពេល។
យ៉ាងណាមិញ ទន្ទឹមនឹងការធ្វើទំនើបកម្មកែលម្អហេដ្ឋារចនាសម្ព័ន្ធសម្ភារៈនៅក្នុងមន្ទីពេទ្យ គឺត្រូវទាមទារឱ្យមានការបណ្តុះបណ្តាលជំនាញដល់ក្រុមគ្រូពេទ្យបន្ថែម ទើបដំណើរការព្យាបាលមានប្រសិទ្ធភាព ហើយឈានទៅលើកកម្ពស់វិស័យសុខាភិបាលកម្ពុជាឱ្យមានស្តង់ដារបានពិតប្រាកដ។ហេតុនេះ សម្តេចក៏បានជំរុញឱ្យក្រុមគ្រូពេទ្យ នៅគ្រប់មន្ទីពេទ្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការព្យាបាលរបស់ប្រជាពលរដ្ឋកម្ពុជា៕ អត្ថបទ៖ ហ្សាលីន