ឯកឧត្ដម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ត្រូវបានប្រមុខថ្នាក់ដឹកនាំ ផ្ដល់សេចក្ដីទុកចិត្តជ្រើសតាំងជា កុងស៊ុលកិត្តិយសអ៉ីស្រាអែល ប្រចាំនៅកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់ អញ្ជើញចូលរួម នាសណ្ឋាគារ ហៃយ៉ាត រីជិនស៊ី ភ្នំពេញ។

ថ្លែងនាឱកាសនោះឯកឧត្ដម ឃួន ផុនរតនៈ ក៏បានថ្លែងវាយតម្លៃខ្ពស់ និងកោតសរសើរដល់ ឯកឧត្ដម អ្នកឧកញ៉ា សួរ វីរៈ ដែលត្រូវបានឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជា សម្រេចតែងតាំង ជាកុងស៊ុលកិត្តិយស អ៉ីស្រាអែល ប្រចាំកម្ពុជា និងបានជម្រុញឱ្យខិតខំពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ ព្រមទាំងសម្របសម្រួលការវិនិយោគ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេសចូលរួម ក្នុងការជួយជម្រុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។
លោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល ក៏បានថ្លែងចូលរួមអបអរ និងអរគុណដល់ ឯកឧត្ដម អ្នកឧកញ៉ា សួរ វីរៈ ដែលបានផ្តល់កិត្តិយស ទទួលយកការតែងតាំងជាកុងស៊ុល កិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា ហើយលោកស្រី ក៏បានរំពឹងខ្ពស់ផងដែរថា តាមរយៈកុងស៊ុល កិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជានេះ នឹងចូលរួមចំណែកក្នុង ជួយដល់ការជម្រុញនូវកំណើនភ្ញៀវទេសចរ ឱ្យបានកាន់តែច្រើនបន្ថែមទៀតរវាង ប្រទេសទាំង២ ផងដែរ។

ឯកឧត្ដម អ្នកឧកញ៉ា សួរ វីរៈ មានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាលនៃប្រទេសអ៉ីស្រាអែល ដោយមានលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល ជាតំណាង និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់ការជឿជាក់ និងទំនុកចិត្តមកលើរូបខ្ញុំ! ខ្ញុំ សូមប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបំពេញភារកិច្ចការទូតនេះ ឱ្យបានល្អបំផុត ដើម្បីជាចំណែកចូលរួមកសាងភាពរុងរឿងរួមគ្នា ការច្នៃប្រឌិត និងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ”។
ឯកឧត្ដម អ្នកឧកញ៉ា បន្ថែមថា ក្នុងអំឡុងពេល ទទួលភារកិច្ចដ៏ពិសេសនេះ លោកនឹងធ្វើការយ៉ាងជិតស្និតជាមួយស្ថានទូតអ៉ីស្រាអែល រាជរដ្ឋាភិបាលកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា-សភាពាណិជ្ជកម្មអ៉ីស្រាអែល ដើម្បីសម្រេចឱ្យតាមផែនការ។ ជាពិសេស លើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ការគ្រប់គ្រងទឹក នវានុវត្តន៍ និងបច្ចេកវិទ្យា ដែលអ៉ីស្រាអែលកំពុងរីកចម្រើនស្រាប់ មកគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ។
គួរបញ្ជាក់ថា អ៉ីស្រាអែល និងកម្ពុជា បាននិងកំពុងចែករំលែកបទពិសោធន៍ដ៏សម្បូរបែប ភាពច្នៃប្រឌិត និងភាពជឿជាក់ក្នុងដំណើរឆ្ពោះទៅវឌ្ឍនភាព។ ទោះបីជាប្រទេសទាំងពីរមានទីតាំងស្ថិតនៅឆ្ងាយពីគ្នាក៏ដោយ ក៏ ប្រជាជាតិមានគោលបំណងស្របគ្នាជាច្រើនមានជាអាទិ៍ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ និរន្តរភាព ការពង្រឹងផ្នែកបច្ចេកវិទ្យា វិស័យអប់រំ ដែលនឹងធានាបាននូវអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជនរបស់យើង៕













