ស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) លើគម្រោងចំនួនពីរ ចំណាយថវិកាជិត២៤ម៉ឺនដុល្លារមកកម្ពុជា។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
ជំនួយដែលជប៉ុននឹងផ្ដល់ជូននាពេលនេះមានចំនួនពីរ គឺ៖ ១, «គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ផ្សែងរបស់ជប៉ុន នៅរាជធានីភ្នំពេញ» ក្នុងថវិកាគម្រោងចំនួន ៨៣.៦៧២ដុល្លាអាមេរិក។ រថយន្តនេះមានមុខងារនឹងជួយឱ្យក្រុមការងារពន្លត់អគ្គិភ័យមានលទ្ធភាពបាញ់ផ្សែងចេញពីអគារមានឧប្បត្តិហេតុអគ្គិភ័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការ សង្រ្គោះ។ ២, «គម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគិ្គភ័យ និងរថយន្តសង្រ្គោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ» ក្នុងថវិកាគម្រោងចំនួន ១៥៤.៣៧៦ដុល្លាអាមេរិក។ គម្រោងនេះនឹងផ្តល់ជូននូវរថយន្តសង្រ្គោះបន្ទាន់ចំនួន ០១គ្រឿង ជាប្រភេទពន្លត់អគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យបំពាក់ជណ្តើរកម្ពស់ ៤០ម៉ែត្រចំនួន ០១គ្រឿង។
នៅក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុន ដែលបានផ្តល់ជំនួយឧបត្ថម្ភជា ថវិកា សម្ភារៈ និងបច្ចេកទេសក្នុងដំណើរការស្តារ កសាង និងអភិវឌ្ឍន៍រាជធានីភ្នំពេញជារៀងរហូតមក ជាពិសេសគម្រោងដែលបានចុះហត្ថលេខានាពេលនេះ គឺមិនត្រឹមតែបានគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ “កម្ពុជា-ជប៉ុន” ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តន៍។
ជាមួយគ្នានេះដែរ លោកអភិបាលរាជធានីបានបង្ហាញក្តីសង្ឈឹមយ៉ាងមុតមាំថាតាមរយៈការផ្តល់ជំនួយបច្ចេកទេស និងរថយន្តពន្លត់អគ្គិភ័យនាពេលនេះ គឺជាតម្រូវការចាំបាច់ចំពោះមុខ និងទាន់ពេលវេលា ដើម្បី ធានាដល់ប្រសិទ្ធភាពនៃការអន្តរាគមន៍ពន្លត់អគ្គិភ័យក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង៕




