សម្តេចធិបតី ៖ GDP សម្រាប់ពលរដ្ឋកម្ពុជាម្នាក់ បានកើនឡើងជិត៩ ដង គិតត្រឹមឆ្នាំ២០២៤

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ ផលិតផលក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋកម្ពុជាម្នាក់ (GDP) បានកើនឡើងជិត៩ដង។នេះបើយោងតាមប្រសាសន៍របស់សម្តេច ថ្លែងក្នុងឱកាសអញ្ជើញប្រកាសបើកកម្មវិធី «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» កាលព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ (GDP) បានកើនឡើងជិត៩ដង ពោលពីប្រមាណ ៣១០ ដុល្លារ​អាម៉េរិក ក្នុងឆ្នាំ២០០០ រហូតដល់ប្រមាណ ២,៧១៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ​២០២៤ ស្របពេលដែលអត្រានៃភាពក្រីក្របានធ្លាក់ចុះជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់។

សម្តេចបានសង្កត់ធ្ងន់ទៀតថា ផ្លែផ្កានៃកំណើនសេដ្ឋកិច្ច គឺកើតចេញពីសុខសន្តិ​ភាពពេញបរិបូរណ៍ និងស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់​មិនអាចខ្វះ​បាន ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ក៏ដូចជាការអនុវត្តនូវការងារកែទម្រង់សំខាន់ៗ ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិ ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។

ដោយឈរលើមូលដ្ឋានការរីកចម្រើនក្នុង ឆ្នាំ ២០២៤ ជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជាក្នុង ឆ្នាំ ២០២៥ ក៏ត្រូវបាន រំពឹងថានឹងបន្តងើបក្នុងអត្រាកំណើន ៦,៣%។ ជារួម រដ្ឋាភិបាល បានសង្កត់ធ្ងន់ទៀតថា ឆ្លងតាមការវិវឌ្ឍនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញថា សេដ្ឋកិច្ចជាតិកំពុងត្រឡប់មករក ស្ថានភាពកំណើនដូចពេលមុនមានវិបត្តិជំងឺកូវីដ-១៩វិញ៕ អត្ថបទ៖ ហ្សាលីន