សមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដែលមានបំណងសហការចូលរួមវិនិយោគដាំដើមអាកាស្យា និងស្វាយចន្ទីលើសម្បទានដីសេដ្ឋកិច្ច ដើម្បីរួមចំណែកលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា។

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាមួយសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដឹកនាំដោយលោក វ៉ាង តុង(WANG TONG) អគ្គលេខាធិការ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។
ឆ្លើយតបនឹងបំណងរបស់សមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដែលមានបំណងសហការចូលរួមវិនិយោគដាំដើមអាកាស្យា និងស្វាយចន្ទីលើសម្បទានដីសេដ្ឋកិច្ច លោក ឌិត ទីណា បានណែនាំទៅតំណាងសមាគមត្រូវរៀបចំផែនការមេឱ្យបានច្បាស់លាស់ មានទុនវិនិយោគគ្រប់គ្រាន់ ព្រមទាំងមានធនធានមនុស្សដែលមានជំនាញកសិកម្ម ចេះបច្ចេកទេសកែច្នៃផលិតផលកសិកម្ម ដោយប្រមូលទិញវត្ថុធាតុដើមពីប្រជាកសិករដែលមានស្រាប់ដូចជា ដើមអាកាស្យា ស្វាយចន្ទី និងដំឡូងមីជាដើម ដើម្បីយកទៅសម្ងួត កែច្នៃ និងនាំចេញទៅទីផ្សារបានពិតប្រាកដ ដោយមិនប្រកួតប្រជែងការដាំដុះជាមួយប្រជាកសិករឡើយ។
លោកក៏បានបន្ថែមថា សមាគមអាចពិនិត្យលទ្ធភាពជ្រើសរើសពូជដំណាំប្លែកៗ ដែលប្រជាជនកម្ពុជាមិនមានលទ្ធភាពដាំដូចជា ដំណាំសម្រាប់ផលិតជាថ្នាំចិន ដែលអាចមានភាពងាយស្រួលសម្រាប់សមាគម ក្នុងការនាំចេញទៅក្រៅប្រទេសទាំងបរិមាណ ទំហំ តម្លៃ និងទទួលបានតម្លៃបន្ថែមខ្ពស់។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកសិកម្ម នឹងជួយគាំទ្រផ្នែកបច្ចេកទេស និងបើកទ្វារទូលាយស្វាគមន៍អ្នកវិនិយោគបរទេស និងដៃគូអភិវឌ្ឍន៍នានា ដើម្បីសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅលើកស្ទួយវិស័យកសិកម្មឱ្យកាន់មានរីកចំរើន និងទទួលបានផលចំណេញទាំងអស់គ្នា៕
