កម្ពុជា និងជប៉ុន បានជួបពិភាក្សាការងារ និងស្តាប់បទបង្ហាញអំពីវឌ្ឍនភាពនៃគម្រោងសិក្សាស្រាវជ្រាអំពី “ការបង្កើតកិច្ចសហការសេដ្ឋកិច្ចរួមគ្នា កម្ពុជា-ជប៉ុន តាមរយៈការពង្រីកធុរកិច្ចជប៉ុននៅកម្ពុជាប្រកបដោយនិរន្តរភាព” និង “គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មបៃតងសម្រាប់កំណើនផលិតភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា”។

នេះបើតាមរយៈជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ជាមួយគណៈប្រតិភូជប៉ុន រួមមានប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា, ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន(METI) និងជាអគ្គលេខាធិការនៃគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន (AMEICC) ព្រមទាំងសហការី។
ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើបទបង្ហាញជូន លោកឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក.អ.ក. អំពីវឌ្ឍនភាពនៃគម្រោងសិក្សាស្រាវជ្រាអំពី “ការបង្កើតកិច្ចសហការសេដ្ឋកិច្ចរួមគ្នា កម្ពុជា-ជប៉ុន តាមរយៈការពង្រីកធុរកិច្ចជប៉ុននៅកម្ពុជាប្រកបដោយនិរន្តរភាព” ដែលធ្វើឡើងដោយ METI និងគម្រោងសិក្សាស្រាវជ្រាវអំពី “គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មបៃតងសម្រាប់កំណើនផលិតភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា” ដែលសិក្សាដោយ ERIA។
គួរបញ្ជាក់ដែរថា របាយការណ៍ចុងក្រោយនៃការសិក្សាគម្រោងស្រាវជ្រាវរបស់ METI នឹងត្រូវយកទៅបង្ហាញនៅក្នុងវេទិកាពិភាក្សាររវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ជប៉ុន នាពេលខាងមុខ៕
