ក្រចេះ៖ ក្រុមហ៊ុនផលិតសំបកកង់ DOUBLESTAR ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេសស្នួល ខេត្តក្រចេះ ក្នុងមួយឆ្នាំរោងចក្រត្រូវការជ័រកៅស៊ូសម្រាប់ផលិតសំបកកង់រថយន្តប្រមាណ ៥ ទៅ៦ម៉ឺនតោនក្នុងមួយឆ្នាំ។នេះបើតាមការឱ្យដឹងរបស់លោក Chen Gangនាយកប្រចាំរោងចក្រសំបកកង់ DOUBLESTAR។

លោក Chen Gang បានឱ្យដឹងថា ក្រុមហ៊ុនផលិតសំបកកង់ DOUBLESTAR ជាក្រុមហ៊ុនធំលំដាប់លេខ២ នៅក្នុងប្រទេសចិន បានមកដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល ខេត្តក្រចេះ នៃប្រទេសកម្ពុជាក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារអាមេរិក។
លោកបានឱ្យដឹងផងដែរថា ក្រុមហ៊ុនមានគម្រោងដកយកចំណែកនៃផលិតផលសំបកកង់រថយន្តចំនួន ១៥% លក់នៅក្នុងប្រទេសកម្ពុជា ដោយមានគុណភាពល្អ ឬប្រសើរជាង លក់នៅទីផ្សារអឺរ៉ុបនិងអាមេរិកទៅទៀតព្រោះកម្ពុជាជាទីតាំងផលិតសំបកកង់រថយន្តម៉ាកនេះស្រាប់។

ក្រុមហ៊ុនផលិតសំបកកង់ DOUBLESTAR មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល ខេត្តក្រចេះ បានផលិតសំបកកង់រថយន្តលក់នៅក្នុងទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។ ហើយកាលពីឆ្នាំ២០២៤កន្លងទៅ ក្រុមហ៊ុននេះបាននាំចេញសំបកកង់រថយន្តដំបូងរបស់ខ្លួន បានប្រមាណ១០ម៉ឺនឈុតលើទីផ្សារទាំងពីរខាងលើ។
បើតាមការបញ្ជាក់ពីលោក ឈីន កាង Chen Gang នាយកប្រចាំរោងចក្រសំបកកង់ DOUBLESTAR បច្ចុប្បន្នក្រុមហ៊ុននេះមានបុគ្គលិកសរុបប្រមាណ ១៦០០នាក់ និងបុគ្គលិកជាង ៨០% ជាជនជាតិខ្មែរ ក្រៅពីនោះជាជនជាតិចិន បុគ្គលិកបច្ចេកទេស៕



