លោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink កាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានមកជួបពិភាក្សាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់ពីសក្កានុពល និងឱកាសវិនិយោគនៅកម្ពុជា។

ក្នុងឱកាសនោះ លោកស្រីនាយិកាទីផ្សារ បានជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការ នៃសេវាកម្មរបស់ក្រុមហ៊ុន SpaceX – Starlink និងបានគូសបញ្ជាក់ថា កម្ពុជាគឺជាគោលដៅអាទិភាពខ្ពស់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៥។
លោកស្រីនាយិកាទីផ្សាររូបនេះ ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា គណៈប្រតិភូរបស់លោកស្រី ក៏នឹងមានជំនួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជាផងដែរ។
ជាការឆ្លើយតប, សម្ដេចធីបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍ និង ក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុនដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ទន្តឹមគ្នានេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្នផងដែរ។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យលោកស្រី ដែលជាតំណាងក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញការស្វែងរកឱកាសវិនិយោគ នៅកម្ពុជាឱ្យទទួលបានជោគជ័យ។
សូមរម្លឹកដែរថា ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការ អនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង៕ អត្ថបទ៖ហ្សាលីន
