រាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតអ៊ីស្រាអែលប្រចាំកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តថា នឹងខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងកាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងជំនួបរវាងលោកស្រី Orna SAGIV ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
តាមរយៈកិច្ចប្រជុំខាងលើ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកអគ្គរដ្ឋទូតអ៊ីស្រាអែលក៏បានពិភាក្សាគ្នាក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម, អប់រំ, សុខាភិបាល, ទេសចរណ៍, ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, និងបច្ចេកវិទ្យា ជាដើម។
នាឱកាសនោះ លោកស្រី Orna SAGIV ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងអ៊ីស្រាអែល និងកម្ពុជា ខណៈលោកស្រី ក៏បានប្រកាសគាំទ្រដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា។ ទន្ទឹមនឹងនេះ លោកស្រី ក៏បានប្ដេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៊ីស្រាអែល-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចធិបតី បានសាទរចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អ៊ីស្រាអែល ខណៈសម្តេចមានជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោកស្រី ការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិប្តតិការកម្ពុជា-អ៊ីស្រាអែលនឹងបន្តមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
បន្ថែមពីនេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ទូតអ៊ីស្រាអែល បន្តធ្វើការឱ្យបានជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-អ៊ីស្រាអែល ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ផងដែរ។
ពាក់ព័ន្ធនឹងទំនាក់រវាងកម្ពុជា-អ៊ីស្រាអែលនេះដែរ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល ឯកឧត្ដម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានប្រមុខថ្នាក់ដឹកនាំ ផ្ដល់សេចក្ដីទុកចិត្តជ្រើសតាំងជា កុងស៊ុលកិត្តិយសអ៊ីស្រាអែល ប្រចាំនៅកម្ពុជា។
រដ្ឋាភិបាលកម្ពុជា និងស្ថានទូតអ៊ីស្រាអែល បង្ហាញជំនឿចិត្តថា តាមរយៈការតាំងឯកឧត្ដម អ្នកឧកញ៉ា សួរ វីរៈ ជា កុងស៊ុលកិត្តិយសអ៊ីស្រាអែល ប្រចាំនៅកម្ពុជានាពេលនេះ នឹងជំរុញដល់ការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ ព្រមទាំងសម្របសម្រួលការវិនិយោគ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេសចូលរួម ក្នុងការជួយជម្រុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖ ហ្សាលីន
