កម្ពុជា អុីស្រាអែល សន្យានឹងជំរុញវិស័យទេសចរណ៍កាន់តែល្អប្រសើរ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស និងជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានតែងតាំងជា «កុងស៊ុលកិត្តិយសអុីស្រាអែលប្រចាំកម្ពុជា» ក្នុងគោលបំណងជួយជំរុញចំណងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និត ស៊ីជម្រៅដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី អ៊័រណា សាហ្គីហ្វ(Orna Sagiv) ក្នុងនាមប្រទេស និងប្រជាជនអ៊ីស្រាអែល បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា សួរ វីរៈ ដែលបានផ្តល់កិត្តិយសទទួលយកការតែងតាំងជាកុងស៊ុលកិត្តិយសអ៊ីស្រាអែលប្រចាំកម្ពុជា ហើយលោកស្រីក៏បានរំពឹងយ៉ាងមុតមាំថា តាមរយៈតួនាទីនេះនឹងចូលរួមចំណែកក្នុងជួយដល់ការជំរុញនូវកំណើនភ្ញៀវទេសចរឱ្យបានកាន់តែច្រើនបន្ថែមទៀតរវាងប្រទេសទាំងពីរផងដែរ។

លោកស្រីសង្ឃឹមយ៉ាងខ្លាំងថា៖«អ្នកឧកញ៉ា សួរ វីរៈ ជាមនុស្សសំខាន់ដ៏គួរឱ្យគោរពនិងជាអ្នកជំនួញដ៏ជោគជ័យ នឹងជំរុញវិស័យពាណិជ្ជកម្ម វិនិយោគទុន ទេសចរណ៍ និងវិស័យនានាជាច្រើនទៀតព្រមទាំងទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធនិងល្អប្រសើរ »។

លោកស្រីឯកអគ្គរដ្ឋទូតបានលើកឡើងថា៖«ចំនួនទេសចររវាងប្រទេសទាំងពីរបានកើនឡើងដល់ជាង៦០០០នាក់ ដែលមុនពេលកូវីដ១៩មានតែ៥០០នាក់ប៉ុណ្ណោះ។យើងនឹងព្យាយាមជំរុញឱ្យវិស័យទេសចរណ៍ឱ្យកាន់តែខ្លាំងថែមទៀត»។

លោកស្រីសង្ឃឹមមុះមុតទៀតថា៖តាមរយៈការតែងតាំងជាកុងស៊ុលកិត្តិយសអ៊ីស្រាអែលប្រចាំកម្ពុជា អ្នកឧកញ៉ាសួរវីរៈ នឹងអាចជួយជំរុញវិស័យនេះឱ្យកាន់តែល្អប្រសើរ។

ជាការឆ្លើយតបអ្នកឧកញ៉ា សួរ វីរៈ បានថ្លែងប្តេជ្ញាចិត្តទទួលខុសត្រូវខ្ពស់ក្នុងនាមជាកុងស៊ុលកិត្តិយសអ៊ីស្រាអែលប្រចាំកម្ពុជា និងសន្យាជួយជំរុញវិស័យទេសទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

អ្នកឧកញ៉ា បានមានប្រសាសន៍បញ្ជាក់ថា៖«ក្នុងអំឡុងពេលដែលខ្ញុំទទួលភារកិច្ចនេះ ខ្ញុំនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតអ៊ីស្រាអែល រាជរដ្ឋាភិបាលកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល ដើម្បីសម្រេចកិច្ចការដែលបានកំណត់ ហើយខ្ញុំនឹងខិតខំបង្កើនឱកាសសហការថ្មីៗបន្ថែមទៀត ព្រមទាំងពង្រឹងចំណងមិត្តភាពដើម្បីសម្រេចឱ្យបាននូវគោលបំណងរួមគ្នារបស់ប្រទេសជាតិទាំងពីរ» ៕