រាជរដ្ឋាភិបាលរៀបចំគោលនយោបាយទាក់ទាញភ្ញៀវទេសចរពិសេសឱ្យបានជាង២លាននាក់ នៅក្នុងឆ្នាំ២០៣៥

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ កំពុងរៀបចំគោលនយោបាយស្តីពី «ទេសចរណ៍ពិសិដ្ឋឆ្នាំ២០២៥-២០៣៥» ដែលមានចក្ខុវិស័យប្រែក្លាយតំបន់ដែលមានសក្តានុពលនៅកម្ពុជា ទៅជាគោលដៅទេសចរណ៍ «តំបន់ទេសចរណ៍ពិសិដ្ឋ» ពិសេសគឺដើម្បីទាក់ទាញទេសចរពិសេស និងទេសចរគុណភាពលំដាប់ខ្ពស់ឱ្យមកទស្សនា ស្នាក់អាស្រ័យ ធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មាធិការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ដឹកនាំដោយលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងគោលនយោបាយស្តីពី «ទេសចរណ៍ពិសិដ្ឋឆ្នាំ២០២៥-២០៣៥» ដោយមានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាអនុប្រធាន លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ជាច្រើនរូប។ អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើកិច្ចការជាច្រើន ហើយក៏បានផ្ដោតសំខាន់លើការពិគ្រោះយោបល់លើសេចក្ដីព្រាងគោលនយោបាយស្តីពី «ទេសចរណ៍ពិសិដ្ឋឆ្នាំ២០២៥-២០៣៥» នេះដែរ។

លោកទេសរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តីពីទេសចរណ៍ពិសិដ្ឋឆ្នាំ២០២៥-២០៣៥ សំដៅលើកកម្ពស់កិត្យានុភាពកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍គុណភាព ប្រកបដោយការស្ថាបនា និងអភិវឌ្ឍមូលដ្ឋានផលិតផល និងសេវាកម្មទេសចរណ៍អាទិភាព ស្របតាមនិន្នាការវិវត្តនៃវិស័យទេសចរណ៍ ទាក់ទាញទេសចរគុណភាពលំដាប់ខ្ពស់ឱ្យមកទស្សនា ស្នាក់អាស្រ័យ ធ្វើធុរកិច្ច និងវិនិយោគ ដែលជាការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមយើង»។

អង្គប្រជុំក៏បានសង្កត់ធ្ងន់ចំពោះចក្ខុវិស័យនៃគោលនយោបាយស្តីពីទេសចរណ៍ពិសិដ្ឋឆ្នាំ២០២៥-២០៣៥នេះ ពោលគោលនយោបាយថ្មីនេះ មានចក្ខុវិស័យបង្កើនភាពទាក់ទាញទេសចរពិសេសឱ្យបានជាង២លាននាក់ ក្នុងចំណោមទេសចរអន្តរជាតិជាង១៥លាននាក់ ដែលគ្រោងទស្សនាកម្ពុជានៅឆ្នាំ២០៣៥។

សូមជម្រាបជូនថា តំបន់ទេសចរណ៍ពិសិដ្ឋ សំដៅដល់តំបន់ដែលមានសក្តានុពលទេសចរណ៍ខ្ពស់នៅកម្ពុជា ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល។ តំបន់ទេសចរណ៍ពិសិដ្ឋនីមួយៗប្រមូលផ្តុំដោយសម្បទា និងសេវាកម្មទេសចរណ៍សំខាន់ៗ រួមមាន៖ សេវាកម្មស្នាក់នៅ និវេសនដ្ឋានទេសចរណ៍ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ មណ្ឌលសម្រាកលម្ហែកម្សាន្តទេសចរណ៍ មណ្ឌលកីឡាទេសចរណ៍ សួន ឧទ្យាន មណ្ឌលផ្តល់សេវាថែទាំសុខភាពទេសចរណ៍ មណ្ឌលសេវាកម្មទេសចរណ៍ពាក់ព័ន្ធផ្សេងៗទៀត។ លើសពីនេះ តំបន់ទេសចរណ៍ពិសិដ្ឋ ត្រូវបានរៀបចំឱ្យមានហេដ្ឋារចនាសម្ពន្ធគាំទ្រគ្រប់គ្រាន់ស្របតាមស្តង់ដា មានសម្បទា និងសេវាកម្មសំខាន់ៗ ដូចជា សេវាកម្មហិរញ្ញវត្ថុ ទូរគមនាគមន៍ អប់រំ ថែរក្សា សុខភាព សុខាភិបាល។ល។ ប្រកបដោយគុណភាពខ្ពស់ សម្រាប់ទ្រទ្រង់ដល់តម្រូវការ និងចំណាប់អារម្មណ៍របស់ទេសចរ និងអ្នកវិនិយោគ។ តំបន់ទេសចរណ៍ពិសិដ្ឋ អាចត្រូវបានអភិវឌ្ឍដោយរាជរដ្ឋាភិបាល ឬដោយវិស័យឯកជន ឬក្រោមភាពជាដៃគូរវាងរដ្ឋនិងឯកជន ដោយមានការលើកទឹកចិត្តនិងគាំទ្រពីរាជរដ្ឋាភិបាល និងស្របតាមក្របខណ្ឌគតិយុត្តជាធរមានដែលត្រូវដាក់ចេញដោយរាជរដ្ឋាភិបាល។

ដោយឡែក សម្រាប់«ទេសចរពិសេស» គឺសំដៅដល់ទេសចរអន្តរជាតិដែលទទួលបានការអនុញ្ញាតចូលចេញ និងស្នាក់នៅក្នុងតំបន់ទេសចរណ៍ពិសិដ្ឋ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ទេសចរពិសេស ត្រូវបានផ្តល់សិទ្ធិនិងការអនុញ្ញាតក្នុងការវិនិយោគ ចូលរួមក្នុងសកម្មភាពធុរកិច្ច អភិវឌ្ឍ និងអាស្រ័យផលនៅក្នុងតំបន់ទេសចរណ៍ពិសិដ្ឋ ដោយសារធនធាននិងឥទ្ធិពលរបស់ទេសចរទាំងនោះ ក្នុងការជំរុញនិងគាំទ្រដល់ការអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។

ទេសចរពិសេសអាចមានទម្រង់ជាទេសចរធុរកិច្ច ទេសចរផ្ទះទី២ ទេសចរនិវត្តជន (មានធនធាន) និងប្រភេទទេសចរផ្សេងៗទៀត និងទទួលបានសិទ្ធិពិសេសនានាក្នុងការចូលចេញ ស្នាក់អាស្រ័យ និងទទួលផលប្រយោជន៍ក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលបានសិទ្ធិអាស្រ័យផលក្នុងតំបន់ទេសចរណ៍ពិសិដ្ឋ ស្របតាមច្បាប់និងក្របខណ្ឌគតិយុត្តដែលមានជាធរមាន ឬនឹងត្រូវដាក់ចេញដោយរាជរដ្ឋាភិបាល៕