លោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink បានបង្ហាញពីបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ពិសេសលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅជំនួបជាមួយលោកស្រី ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃកម្ពុជា កាលពីដើមសប្តាហ៍។

ក្នុងកិច្ចជំនួបពិភាក្សារវាងភាគីពីរ លោកស្រី ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃកម្ពុជា បានស្វាគមន៍យ៉ាងរីករាយ ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន SpaceX – Starlink ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលចូលរួមចំណែកដល់ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
សូមបញ្ជាក់ដែរថា ក្នុងជំនួបជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រតិភូក្រុមហ៊ុន SpaceX -Starlink បានលើកឡើងថា គោលបំណងនៃជំនួបពិភាក្សាជាមួយរដ្ឋាភិបាល និងក្រសួងស្ថានប័នពាក់ព័ន្ធរបស់កម្ពុជា គឺដើម្បីបង្ហាញពីគោលបំណងសិក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាព និងបរិយាកាសនៃការវិនិយោគលើការធ្វើទំនើបកម្មបច្ចេកវិទ្យា ដើម្បីបានជាមូលដ្ឋានក្នុងការពិនិត្យលទ្ធភាព និងឱកាសក្នុងការវិនិយោគ ខណៈកម្ពុជា គឺជាគោលដៅអាទិភាពមួយក្នុងចំណោមគោលដៅវិនិយោគរបស់ក្រុមហ៊ុនខ្លួននៅក្នុងឆ្នាំ២០២៥៕ អត្ថបទ៖ ហ្សាលីន



