ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តតាកែវ បានរៀបចំកីឡាចំនួន ១០ប្រភេទ សម្រាប់អបអរសាទរ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ដែលខេត្តតាកែវធ្វើជាម្ចាស់ផ្ទះរៀបចំ នាថ្ងៃទី ២១-២២-២៣ ខែមីនា ឆ្នាំ២០២៥ នៅសួនច្បារមាត់បឹងតាកែវ។

កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥។ ជាលទ្ធផល នៃកិច្ចប្រជុំនេះបានសម្រេចដាក់ចេញនូវកីឡាចំនួន ១០ប្រភេទ ដូចខាងក្រោម៖
១.កីឡា ជិះកង់ ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ

២.កីឡា រត់កម្សាន្តមហាជន ៥០០នាក់

៣.កីឡា អុកចត្រង្គ មហាជន

៤.កីឡា កម្សាន្ត រែក បាយខុម លោតម៉ឹក

៥.កីឡា បាល់ទះ មហាជន

៦.កីឡា ប៉ូល (បេតង់) មហាជន

៧.កីឡា ទូក កានូ កាយ៉ាក មហាជន

៨.ការបង្ហោះគោមរួមគ្នា ៥០០គោម

៩.កីឡា គុនខ្មែរ

១០.កីឡា សម្ដែង ប៉ារ៉ាប៉ូទ័រ

សូមជម្រាបជូនថា បុណ្យទន្លេបានរៀបចំឡើងឆ្លាស់វេនតាមបណ្តាខេត្តនានា ដោយបុណ្យទន្លេលើកទី១ ប្រារព្ធនៅខេត្តក្រចេះ ក្នុងឆ្នាំ២០១៥ ។ លើកទី២ ប្រារព្ធនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្នុងឆ្នាំ២០១៦។ លើកទី៣ ប្រារព្ធនៅខេត្តស្ទឹងត្រែង ក្នុងឆ្នាំ២០១៧។ លើកទី៤ ប្រារព្ធនៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងឆ្នាំ២០១៨។ លើកទី៥ ប្រារព្ធនៅខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ២០១៩។ លើកទី៦ បានរៀបចំនៅខេត្តបាត់ដំបង ក្នុងឆ្នាំ២០២០។ រីឯឆ្នាំ២០២១ និងឆ្នាំ២០២២ កម្ពុជា មិនបានប្រារព្ធទេដោយសារវិបត្តិកូវីដ-១៩។ ចំណែកបុណ្យទន្លេលើកទី៧ ប្រារព្ធឡើងវិញនៅខេត្តកំពង់ធំ ក្នុងឆ្នាំ២០២៣ និងលើកទី៨ ប្រារព្ធនៅខេត្តសៀមរាប ក្នុងឆ្នាំ២០២៤៕