មូលបត្របំណុល រួមចំណែករក្សាស្ថិរភាព និងជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើប្រាក់កម្ចីពីបរទេស

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២៥ បានរៀបចំ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី” នៅផ្សារមូលបត្រកម្ពុជា ក្នុងទំហំប្រមាណ ៨៦ លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះបញ្ជីលក់មូលបត្រជាផ្លូវការនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី តំណាងក្រសួងស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។

លោក ហ៊ាន សាហ៊ីប បានជម្រាបជូនអង្គពិធីថា មូលបត្របំណុល បានរួមចំណែក ៖ ទី១). រក្សាស្ថិរភាព និង ជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយផលិតភាព និង និរន្តរភាព, ទី២). កាត់បន្ថយការពឹងផ្អែកលើប្រាក់កម្ចីពីបរទេស, សំដៅទៅកាត់បន្ថយហានិភ័យបំណុលក្រៅប្រទេស, ការប្រែប្រួលអត្រាការប្រាក់, និង បញ្ហាប្តូររូបិយប័ណ្ណ ជាដើម, ទី៣). បង្កើនទំហំ និង ប្រភពហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍ, ការធានាប្រសិទ្ធភាពនៃការវិនិយោគ, ការគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និង វិស័យអាទិភាព, ជាពិសេស ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង ។

លោក បានលើកឡើងថា ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ និង ប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់លើវិស័យមូលបត្រ តាមរយៈ ការជំរុញការធ្វើនវានុវត្តយន្តការហិរញ្ញប្បទាន និង ផលិតផលហិរញ្ញវត្ថុ សំដៅគាំទ្រដល់ការវិនិយោគ និង ការធ្វើពិពិធកម្មសេដ្ឋកិច្ច ។

ជាលទ្ធផល តាមការព្យាករ, សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ៦% ក្នុងឆ្នាំ ២០២៤ និង បន្តមានកំណើនថែមទៀត ដល់ ៦,៣% សម្រាប់ឆ្នាំ ២០២៥ នេះ, ហើយការវិនិយោគឯកជននៅកម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានល្អប្រសើរ ឆ្លុះបញ្ចាំងតាមរយៈ ការអនុម័តគម្រោងវិនិយោគថ្មីៗ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំនួន ៤១៤ គម្រោង នៅឆ្នាំ ២០២៤ កើនឡើង ១៤៦ គម្រោង ធៀបនឹងឆ្នាំ ២០២៣ ។ កំណើនសេដ្ឋកិច្ច និង ការវិនិយោគនេះ នឹងធ្វើឱ្យប្រជាជនមានជីវភាពល្អប្រសើរជាងមុន ព្រមទាំងបង្កើនទំនុកចិត្តដល់វិនិយោគិន លើផលិតផលមូលបត្រ កាន់តែច្រើនថែមទៀត ។

លោកប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ដល់ភាគីពាក់ព័ន្ធ ដែលបានសហការ និង គាំទ្រ ដល់ការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាសមិទ្ធផលថ្មីមួយទៀត របស់ផ្សារមូលបត្រកម្ពុជា នៅដើមឆ្នាំ ២០២៥ នេះ ។

ដើម្បីពន្លឿនការអភិវឌ្ឍនៃផ្សារមូលបត្រកម្ពុជា ឱ្យរីកចម្រើនខ្លាំងក្លា, លោក​ បានគាំទ្រ និង លើកទឹកចិត្ត ដល់ភាគីពាក់ព័ន្ធ បន្តសកម្មភាពផ្សព្វផ្សាយ និង បញ្ជ្រាបការយល់ដឹង ឱ្យបានកាន់តែទូលំទូលាយ, ជាពិសេស បង្កើនកិច្ចសហការជាមួយស្ថាប័នហិរញ្ញវត្ថុ, សមាគមធុរកិច្ចជាតិ និង អន្តរជាតិ ដើម្បីបង្កើតបណ្តាញទំនាក់ទំនង និង លើកទឹកចិត្តក្រុមហ៊ុនសក្តានុពលចូលរួម ឱ្យបានកាន់តែច្រើនបន្ថែមទៀត ៕