ភ្នំពេញ៖ វិស័យទេសចរណ៍អន្តរជាតិបានផ្ដល់ប្រាក់ចំណូលដល់កម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ៣,៦៣ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២៤។នេះបើតាមយោងរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី ២៤ កុម្ភៈ ២០២៥។

របាយការណ៍ដដែលនេះបានឱ្យដឹងថា៖វិស័យទេសចរណ៍ក៏បានបង្កើតការងារនិងមុខរបរប្រមាណ៥១ម៉ឺននាក់ រួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ៩,៤ភាគរយ ។
ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា ក្នុងឆ្នាំ ២០២៤ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦លាន៧សែន បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានការកើនឡើងជិត៣០ភាគរយ ខណៈភ្ញៀវទេសចរក្នុងស្រុក ទទួលបាន២២លាន៥២ម៉ឺននាក់ កើនឡើងប្រមាណ២០,១ភាគរយ ។
ក្នុងឆ្នាំ២០២៤កន្លងទៅនេះដែរ វិស័យទេសចរណ៍បានបង្កើតអាជីវកម្មទេសចរណ៍ចំនួន ១៣.៨៧៦អាជ្ញាបណ្ណក្នុងនោះមានបន្ទប់សេវាស្នាក់នៅចំនួន ៨៣.៧៨៧បន្ទប់ ។ក្រៅពីភ្ញៀវទេសចរបរទេសចូលមកកម្ពុជា ក្នុងឆ្នាំ ២០២៤ ភ្ញៀវទេសចរកម្ពុជាប្រមាណ១,៨៥លាននាក់ បានចេញទៅក្រៅប្រទេសដើម្បីធ្វើដំណើរកម្សាន្ត និងធ្វើធុរកិច្ចផងដែរ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅ មានកំណើន១,៤ភាគរយ ៕

