ប្រទេសម៉ាឡេស៊ី មានបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការរបស់ប្រទេសម៉ាឡេស៊ី ដែលមានការខ្វះខាត ស្របពេលបញ្ហាសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ី ជាគោលដៅសំខាន់។

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃសាធារណរដ្ឋម៉ាឡេស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបនោះ លោករដ្ឋមន្រ្តីកសិកម្មនៃប្រទេសម៉ាឡេស៊ី បានជជែកពិភាក្សាលើកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ ក្នុងនោះ បញ្ហាសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ី ជាគោលដៅសំខាន់ ដោយភាគីម៉ាឡេស៊ីមានបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការរបស់ប្រទេសម៉ាឡេស៊ីដែលមានការខ្វះខាត។ ជាមួយគ្នានេះ ប្រទេសម៉ាឡេស៊ីក៏បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគផលិតទឹកដោះគោស្រស់ ក្នុងប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប លោក ឌិត ទីណា បានលើកឡើងថា ប្រទេសទាំងពីរមានចំណុចបំពេញឱ្យគ្នាច្រើនទៅវិញទៅមក ដោយប្រទេសកម្ពុជាមានសក្ដានុពលលើការដាំដុះស្រូវនិងផលិតកម្មអង្ករមានគុណភាព ព្រមទាំងសំបូរត្រី ស្របពេលដែលប្រទេសម៉ាឡេស៊ី មានតម្រូវការ។ ដូចនេះប្រទេសទាំងពីរនឹងសហការគ្នា ដោយកម្ពុជាស្នើឱ្យភាគីម៉ាឡេស៊ីបន្ធូរបន្ថយរបាំងបច្ចេកទេស ដូចជា របាំងអនាម័យ ភូតគាមអនាម័យ ដើម្បីសម្រួលដល់ការនាំចេញកសិផលកម្ពុជាទៅប្រទេលម៉ាឡេស៊ី។
លោករដ្ឋមន្ដ្រី ក៏បានសាទរដល់ប្រទេសម៉ាឡេស៊ី ដែលចង់បានអង្ករប្រណិតប្រកបដោយគុណភាពខ្ពស់ ខណៈដែលស្រូវអង្ករកម្ពុជា ជាផលិតផលប្រណិត មានគុណភាពល្អ និងរសជាតិឆ្ងាញ់។
សូមបញ្ជាក់ផងដែរថា រដ្ឋមន្ដ្រីកសិកម្មនៃប្រទេសទាំងពីរ ក៏បានឯកភាពលើកកម្ពស់កសិ-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ សំដៅដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឱ្យទទួលបានផលប្រយោជន៍ទៅវិញទៅមក ដោយប្រទេសកម្ពុជាមានទីផ្សារស្រូវអង្ករ ហើយប្រទេសម៉ាឡេស៊ីទទួលបានសន្តិសុខស្បៀង មានហូបគ្រប់គ្រាន់ ទាំងអង្ករ និងត្រី៕

