ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា ក្នុងឆ្នាំ២០២៤ កម្ពុជាមានរោងចក្រធុនធំដំណើរការ២.៤២៥រោងចក្រ ក្នុងនោះមានរោងចក្រធុនធំកើតថ្មីមាន ៣២៦រោងចក្រ និងរោងចក្រធុនធំបិទទ្វារមាន ២៦រោងចក្រ។ ចំណែកកម្លាំងពលកម្មនៅក្នុងឆ្នាំ២០២៤ មានសរុបជាង ១,១លាននាក់ ស្រ្តីមាន ៨៥ម៉ឺននាក់ ស្មើ ៧៣% កើនឡើង ១១ពាន់នាក់ បើធៀបទៅនឹងឆ្នាំ២០២៣។

តាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម បានបង្ហាញថា ឆ្នាំ២០២៤ ទុនវិនិយោគសរុបនៅលើកវិស័យឧស្សាហកម្មធុនធំ មានចំនួនជាង ២០ ពាន់លាន ដុល្លារអាមេរិក កើនឡើងចំនួនជិត ១,៩០០ លានដុល្លារអាមេរិក ស្មើ ១០% បើធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះទុនវិនិយោគក្នុងស្រុក មានចំនួនជិត ៤ ពាន់លានដុល្លារអាមេរិក ស្មើជាង ១៩ %នៃទុនវិនិយោគសរុប។
នៅក្នុងឆ្នាំ២០២៤ នេះដែរ វិស័យនេះមានតម្លៃបរិមាណផលិតផលសរុប ចំនួនជាង ១៥ ពាន់លានដុល្លារអាមេរិក ថយចុះជាង ១,២០០ លានដុល្លារអាមេរិក ស្មើ ៧ %បើធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មានចំនួនជិត ៤ ពាន់លានដុល្លារអាមេរិក ថយចុះ ២៣៣ លានដុល្លារអាមេរិក ស្មើជាង ៥ %ខណៈការនាំចេញ មានចំនួនជាង ១១ ពាន់លានដុល្លារអាមេរិក មានការ ថយចុះ ៩៨២ លានដុល្លារអាមេរិក ស្មើ ៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

សូមបញ្ជាក់បន្ថែមថា ឆ្នាំ២០២៤ តម្លៃបរិមាណផលិតផលសរុបក្នុងវិស័យឧស្សាហកម្មមានជាង ១៥ ពាន់លានដុល្លារ ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុកមានជិត ៤ ពាន់លានដុល្លារ និងតម្លៃបរិមាណផលិតផលការនាំចេញមានជាង ១១ ពាន់លានដុល្លារ។
បើតាមលោក ហែម វណ្ណឌី “បើទោះបីសេដ្ឋកិច្ចសកលនៅបន្តមានបញ្ហាប្រឈមខ្ពស់យ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ និងបង្កើតរោងចក្រ-សហគ្រាសជាបន្តបន្ទាប់ ដែលបានគាំទ្រកំណើនដែលជំរុញដោយការនាំចេញរបស់កម្ពុជា។”
ជាមួយគ្នានោះ វិស័យឧស្សាកម្មបានរួមចំណែកប្រមាណ ៨,៥% នៅឆ្នាំ២០២៤ និងព្យាករថាមានកំណើនប្រមាណ ៨,៦% នៅក្នុងឆ្នាំ២០២៥៕