ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥” នៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ សន្និបាតនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ប្រមាណ ៦០០នាក់ ដោយផ្តោតលើការពិនិត្យវាយតម្លៃសមិទ្ធផល បញ្ហាប្រឈម និងកំណត់អាទិភាពសម្រាប់ឆ្នាំខាងមុខ។

ថ្លែងក្នុងពិធីបើកសន្និបាត លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “បើទោះបីសេដ្ឋកិច្ចសកលនៅបន្តមានបញ្ហាប្រឈមខ្ពស់យ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ និងបង្កើតរោងចក្រ-សហគ្រាសជាបន្តបន្ទាប់ ដែលបានគាំទ្រកំណើនដែលជំរុញដោយការនាំចេញរបស់កម្ពុជា។”
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីបានលើកឡើងបន្តទៀតថា ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦% និងត្រូវបានព្យាករថានឹងមានកំណើន ៦,៣% នៅឆ្នាំ២០២៥ ដោយក្នុងនោះវិស័យឧស្សាកម្មបានរួមចំណែកប្រមាណ ៨,៥% នៅឆ្នាំ២០២៤ និងព្យាករថាមានកំណើនប្រមាណ ៨,៦% នៅក្នុងឆ្នាំ២០២៥៕

