វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងមានកំណើនប្រមាណ ៨,៦% នៅឆ្នាំ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ ត្រូវបានព្យាករថានឹងមានកំណើន៦,៣% ក្នុងនោះ វិស័យឧស្សាហកម្ម ព្យាករថាមានកំណើនប្រមាណ ៨,៦%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា បើទោះបីសេដ្ឋ កិច្ចសកលនៅបន្តមានបញ្ហាប្រឈមខ្ពស់យ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច ទាក់ទាញការវិនិយោគ និងបង្កើតរោងចក្រ- សហគ្រាសជាបន្តបន្ទាប់ ដែលបានគាំទ្រកំណើនដែល ជំរុញដោយការនាំចេញរបស់កម្ពុជា។

លោកបន្តថា ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រាកំណើនក្នុងរង្វង់៦%​ និងត្រូវបានព្យាករថានឹងមានកំណើន៦,៣% ក្នុងឆ្នាំ២០២៥ ដោយក្នុងនោះ វិស័យឧស្សាហកម្មបានរួមចំណែកប្រមាណ ៨,៥% នៅឆ្នាំ២០២៤ និងព្យាករថាមានកំណើនប្រមាណ ៨,៦% នៅក្នុងឆ្នាំ២០២៥។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ក្រសួងឧស្សាហកម្ម តម្លៃបរិមាណផលិតផលសរុបក្នុងវិស័យឧស្សាហកម្មឆ្នាំ២០២៤ មានចំនួនជាង ១៥ ពាន់លានដុល្លារ ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុកមានជិត ៤ ពាន់លានដុល្លារ និងតម្លៃបរិមាណផលិតផលការនាំចេញមានជាង ១១ ពាន់លានដុល្លារ។

ចំណែកទុនវិនិយោគសរុបនៅលើវិស័យឧស្សាហកម្មធុនធំ ឆ្នាំ២០២៤ មានជាង ២០ ពាន់លានដុល្លារ កើនឡើងជិត ១,៩០០ លានដុល្លារ ស្មើ ១០% បើធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះទុនវិនិយោគ ក្នុងស្រុក មានជិត ៤ ពាន់លានដុល្លារ ស្មើជាង ១៩ % នៃទុនវិនិយោគសរុប។

សូមបញ្ជាក់បន្ថែមថា បើតាមក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៥-២០២៧ បានឱ្យដឹងថា ទស្សនវិស័យសេដ្ឋកិច្ចរយៈពេលមធ្យម ឆ្នាំ ២០២៥-២០២៧  បានបង្ហាញថា វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងមានកំណើនន៨,៦% នៅឆ្នាំ២០២៥ គាំទ្រដោយការរក្សាបានតុល្យភាពនឌអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់នៅបន្តមានកំណើនទាបជាងនិន្នាការធម្មតា(មុនវិបត្តិកូវីដ១៩)៕