នៅដើមឆ្នាំ២០២៥នេះ តម្លៃផ្លែដូងក្រអូបកាន់តែមានទីផ្សារល្អ ខណៈម្ចាស់ចំការមួយកន្លែងនៅក្នុងខេត្តបាត់ដំបងកែច្នៃមួយខែប្រមាណ៣ពាន់ផ្លែ នៅតែមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបាន។

កញ្ញា កេង សុខចិន្តា ម្ចាស់ចំការដូងក្រអូប Daling Farm នៅក្នុងខេត្តបាត់ដំបង បានឱ្យដឹងថា ទីផ្សារដូងក្រអូបនៅដើមឆ្នាំ២០២៥នេះល្អប្រសើរជាងមុន រកតែដូងលក់មិនបាន ដោយពីមួយថ្ងៃទៅមួយថ្ងៃតម្លៃដូងឡើងថ្លៃដូចតម្លៃមាសដែរ។ហើយប្រទេសដែលនាំចេញដូងក៏មិនមានសល់ដូងមកខ្មែរដែរ ដោយសារតម្លៃកាន់តែឡើង ធ្វើឱ្យឈ្មួញមិនហ៊ានយកលក់បន្ត។
កញ្ញាបន្តថា កម្លាំងនៃការផលិតមួយថ្ងៃ៥ ០០០ផ្លែ ប៉ុន្តែក្នុងរដូវកាលដើមឆ្នាំ២០២៥នេះ មិនមានផ្លែដូងច្រើននោះទេ ដោយមួយខែអាចកែច្នៃបានត្រឹមតែ៣០០០ផ្លែប៉ុណ្ណោះ បើរដូវវស្សាមួយខែ៩ ០០០ រហូតដល់១ម៉ឺនផ្លែ។
បើតាមម្ចាស់ចម្ការរូបនេះ បច្ចុប្បន្នផ្លែដូងខ្ចី តម្លៃមូល លក់នៅចម្ការ តម្លៃ២ ៥០០រៀល ក្នុងមួយផ្លែ ខុសគ្នាជិត១០០% បើធៀបកាលឆ្នាំ២០២៤ បើវេចខ្ចប់ស្អាតហើយក្នុងមួយផ្លែបោះចេញបាន៤ ០០០រៀល ចំណែកឯប្រភេទដូងអុកលក់ក្នុងផ្សារទំនើប និងទីប្រជុំជន កន្លែងទេសចរជាដើម តម្លៃ៨ ០០០រៀល ក្នុងមួយផ្លែ។

សូមបញ្ជាក់ថា ដូងក្រអូបនៅតែមានទីផ្សារល្អ មិនថារដូវកាលណា ខែណានោះទេ ដូងក្រអូបនៅតែជាតម្រូវការរបស់ប្រជាជនទូទាំងប្រទេស ព្រោះដូងក្រអូបជាប្រភេទដំណាំប្រមូលផលរង្វិលជុំ វាមានរសជាតិផ្អែមឆ្ងាញ់ មានក្លិនក្រអូប អាចទទួលទានបានគ្រប់វ័យ ល្អសម្រាប់សុខភាព និងអាចច្នៃបានជាផលិតផលជាច្រើនបែប។
សូមជម្រាបផងដែរថា បើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២៣ ផ្ទៃដីដាំដូងសរុបនៅកម្ពុជាមានជិត២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីប្រមូលផលដូងមាន ១៤.២២៥ ហិកតា ស្មើនឹង ៧១%។ ខេត្តកំពង់ស្ពឺ ជាខេត្តដែលផ្តល់ទិន្នផលផ្លែដូចច្រើនជាងគេ បន្ទាប់មកខេត្តកំពត និងខេត្តបាត់ដំបង៕



