ក្រុមហ៊ុន TotalEnergies អន្តរជាតិ វាយតម្លៃជាវិជ្ជមានពីស្ថានភាព​វិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន TotalEnergies អន្តរជាតិ បានវាយតម្លៃជាវិជ្ជមានចំពោះស្ថានភាពវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុន ក៏បានបង្ហាញពីចក្ខុវិស័យនាពេលអនាគតប្រកបដោយភាពវិជ្ជមានរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។នេះបើយោងតាមការលើកឡើងពីលោក Mehmet CELEPOGLU អនុប្រធានក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ ពេលជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Mehmet CELEPOGLU អនុប្រធានក្រុមហ៊ុន TotalEnergies អន្តរជាតិ  បានជម្រាប់ជូនសម្ដេចធិបតី អំពីប្រតិបតិ្តការអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies អន្តរជាតិ និងដំណើរការអាជីវកម្ម និងចក្ខុវិស័យនាពេលអនាគតប្រកបដោយភាពវិជ្ជមានរបស់ក្រុមហ៊ុនTotalEnergies នៅកម្ពុជា។លោកក៏បានវាយតម្លៃជាវិជ្ជមានចំពោះស្ថានភាព​វិនិយោគនៅកម្ពុជា​ និងបង្ហាញពីចំណាប់អារម្មណ៍អំពីការដាក់ចេញនូវគោលនយោបាយ និងគំនិតផ្ដួចផ្ដើមដ៏ល្អជាច្រើនរាជរដ្ឋាភិបាល​ ពិសេសលើការកែទម្រង់ពន្ធដា ដែលជាកម្មវិធីកែទម្រង់គាំទ្រដល់ការប្រកួតប្រជែង។

ជាការឆ្លើយតប សម្ដេចធិបតីបានស្វាគមន៍លោក Mehmet CELEPOGLU ដែលបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន TotalEnergies ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចធិបតី បានបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយទាក់ទាញការវិនិយោគ និងការលើកទឹកចិត្តផ្សេងៗដែលដាក់ចេញដោយរាជរដ្ឋាភិបាល។

បន្ថែមពីនេះ សម្ដេចបន្តថា កត្តាទាំងនេះគឺជាកិច្ចការចាំបាច់របស់រដ្ឋាភិបាល ដែលចាំបាច់ត្រូវតែធានានូវបរិយាកាសវិនិយោគមួយដែលអំណោយផលសម្រាប់វិនិយោគិន ការធានានូវភាពជោគជ័យ និងការលើកទឹកចិត្តដល់វិនិយោគិនដែលកំពុងវិនិយោគនៅកម្ពុជា ក៏ដូចជាធានា និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។

សូមជម្រាប់ដែរថា តាមរយៈជំនួបនេះ រាជរដ្ឋាភិបាល ក៏បានជំរុញក្រុមហ៊ុន TotalEnergies បន្តផ្សារភ្ជាប់ទំនាក់ទំនង និងធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរដ្ឋាភិបាលកម្ពុជា ដើម្បីដំណើរការអាជីវកម្មកាន់តែទទួលបានភាពជោគជ័យ៕ អត្ថបទ៖​ហ្សាលីន