សម្តេចធិបតី ស្នើឱ្យពិនិត្យមើលការលក់ចំណីអាហារតាមសាលារៀន ខណៈជំងឺទឹកនោមផ្អែមលើកុមារកើនឡើងខ្លាំង

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យពិនិត្យឱ្យបានហ្មត់ចត់ចំពោះការលក់ដូរចំណីអាហារ និងភេសជ្ជផ្អែមនៅតាមសាលា ដោយសារបច្ចុប្បន្នមានក្មេងៗជាច្រើនកើតមានជំងឺទឹកនោមផ្អែម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី “បិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥”  នារសៀលថ្ងៃពុធ ទី២៦ កុម្ភៈ ២០២៥។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំឱ្យក្រសួងសុខាភិបាល និងក្រសួងអប់រំពិនិត្យមើលឱ្យបានម៉ត់ចត់ ដោយធ្វើការអប់រំ ការត្រួតពិនិត្យ ក៏ដូចជា ការណែនាំដល់ការលក់ចំណីអាហារ នៅតាមសាលាសម្រាប់ក្មេងតូចៗផង ព្រោះឃើញកំណើនអ្នកកើតទឹកនោមផ្អែម ពិសេសកុមារមានចំនួនច្រើន។

បន្ថែមពីនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏លើកទឹកចិត្តដល់ក្រសួងអប់រំ បន្តពង្រឹងវិស័យអប់រំគ្រប់កម្រិត ខណៈរាជរដ្ឋាភិបាលបន្តផ្ដល់អាទិភាពគាំទ្រដល់វិស័យអប់រំដើម្បីឱ្យមូលធនមនុស្សកម្ពុជា មានសមត្ថភាព មានគុណវុឌ្ឍិ ក្នុងការជួយដល់ប្រទេសជាតិ។

សូមជម្រាប់ដែរថា ក្រសួងសុខាភិបាល បានចាត់ទុក ជំងឺទឹកនោមផ្អែម ជាបញ្ហាធំសម្រាប់នៅកម្ពុជា ហើយជាបញ្ហាសុខភាពសាធារណៈដ៏ធំ មិនត្រឹមតែនៅកម្ពុជានោះទេ គឺនៅលើសកលលោក ដូច្នេះយើងត្រូវតែផ្ដោតអារម្មណ៍ទៅការការពារជំងឺទឹកនោមផ្អែមនេះ ហើយជំងឺនេះ ជាជំងឺមិនឆ្លងពីមនុស្សម្នាក់ទៅម្នាក់នោះទេ ដែលយើងអាចការពារបាន តាមរយៈមានរបបអាហារឱ្យបានត្រឹមត្រូវ និងការធ្វើលំហាត់ប្រាណជាដើម។

ជំងឺមិនឆ្លងកំពុងកើនឡើង ជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំ ដែលសម្លាប់ប្រជាជនកម្ពុជាជិត ៦ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ នេះបើតាមរបាយការណ៍ដែលបានបង្ហាញនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នំា២០២៥-២០៣០ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕អត្ថបទ៖ហ្សាលីន