ឆាប់ៗនេះ ឥណ្ឌា នឹងមានជើងហោះហើរត្រង់ដោយប្រើប្រាស់យន្តហោះរបស់ឥណ្ឌាផ្ទាល់ មកកាន់ខេត្តសៀមរាបរបស់កម្ពុជា ខណៈប្រទេសឥណ្ឌា ក៏បានសន្យាខិតខំលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជាឥណ្ឌា ឱ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ។

នេះបើយោងតាមប្រសាសន៍របស់លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង (VANLALVAWNA BAWITLUNG) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ថ្លែងក្នុងជំនួបជាមួយលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា កាលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
នាឱកាសនោះ ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា បានសន្យាថា នៅក្នុងអាណត្តិការទូតរបស់លោក នឹងខិតខំបំពេញបេសកកម្មការទូតឱ្យសកម្ម ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌាឱ្យកាន់តែរឹងមាំឡើង។
ទន្ទឹមគ្នានេះ ឯកអគ្គរដ្ឋទូតរូបនេះ ក៏បញ្ជាក់ពីការបេ្តជ្ញាចិត្តនៅក្នុងការជំរុញវិស័យវិយោគ ទេសចរណ៍ ពាណិជ្ជកម្ម និងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសឥណ្ឌាជាបន្តទៀត។ ចំពោះវិស័យពាណិជ្ជកម្មនិងទេសចរណ៍វិញ លោកក៏បានបញ្ជាក់ថា ឆាប់ៗនេះ នឹងមានជើងហោះហើរត្រង់ដោយយន្តហោះរបស់ឥណ្ឌា ពីប្រទេសឥណ្ឌាមកកាន់ខេត្តសៀមរាបតែម្តង។

ជាការឆ្លើយតប លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា បានស្វាគមន៍ចំពោះវត្តមានការបើកជើងហោះត្រង់មកកាន់ខេត្តសៀមរាប ខណៈលោកស្រីជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះ នឹងជួយជំរុញដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យរវាងប្រទេសទំាងពីរ។ លោកស្រីបន្តថា ឥណ្ឌាជាប្រទេសធំ មានប្រជាពលរដ្ឋច្រើន មានការរីកចម្រើនខាងបច្ចេកវិទ្យា សុខាភិបាល ដែលសុទ្ធសឹងជាវិស័យមានសក្តានុពលនៅក្នុងការចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា និងការផ្តល់ផលប្រយោជន៍ដល់ប្រទេសទំាងសងខាង។
បើតាមរបាយការណ៍របស់ក្រសួងទេចរណ៍ បានបង្ហាញថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិបានជាង ៦,៧ លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និងទេសចរជាតិប្រមាណ ២២,៥លាននាក់ កើនឡើងជាង២០% រួមជាមួយចំណូលទេសចរណ៍បានចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជាប្រមាណ ៣,៦ពាន់លានដុល្លាអាម៉េរិក៕ អត្ថបទ៖ហ្សាលីន
