សម្តេចធិបតី៖“ឥស្លាម និង ពុទ្ធសាសនា”គឺ​ជាជម្រើសប្រធានបទ​ដ៏ស័ក្តិសមបំផុតសម្រាប់​រៀបចំកម្មវិធីនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា “ឥស្លាម និង ពុទ្ធសាសនា” គឺ​​ជាជម្រើសប្រធានបទ​ដ៏ស័ក្តិសម​បំផុតសម្រាប់​ការរៀបចំកម្មវិធី នៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធី​បើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា” នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥  សម្តេចធិបតី បានលើកឡើងថា សមាជិករបស់អង្គការសម្ព័ន្ធពិភពឥស្លាម, បណ្តា​រដ្ឋសមាជិកទាំង ៥៧ នៃអង្គការសហប្រតិបត្តិការឥស្លាម(OIC) និង ប្រទេស​នានា លើសាកលលោក សុទ្ធតែ​បានទទួលស្គាល់​ថា​ កម្ពុជា គឺ​ជាប្រទេសគំរូមួយ ក្នុងការបញ្ចប់​សង្គ្រាមរ៉ាំរ៉ៃទាំងស្រុង និងទទួលបានសុខសន្តិភាពពេញលេញ និងបានលើកកម្ពស់សិទ្ធិសេរីភាព​ជំនឿសាសនារបស់ប្រជាពលរដ្ឋទូទៅ, បូករួម​ទាំង​បងប្អូនសាសនិកឥស្លាម។

ជាមួយគ្នានេះ, សម្តេចបវធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្តថា កម្ពុជា ជាប្រទេសដែល​គោរព​ និងផ្ដល់តម្លៃដល់ការគោរពបដិបត្តិជំនឿ​សាសនា​ផ្សេងៗ ហើយរាជរដ្ឋាភិបាល​ នីតិកាលមុនៗ ក៏ដូច​នីតិកាល​ទី៧​ នៃរដ្ឋសភា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុង​ការធានា​ការ​រួមរស់ជាមួយគ្នាក្នុងចំណោមសាសនាផ្សេងៗ នៅក្នុងសង្គម​កម្ពុជា ប្រកបដោយសុខដុមរមនា។ ជាមួយគ្នានេះ សម្តេចថា ឥស្លាម និងពុទ្ធសាសនា គឺ​​ជាជម្រើសប្រធានបទ​ដ៏ស័ក្តិសម​បំផុតសម្រាប់​ការរៀបចំកម្មវិធី នៅក្នុងប្រទេសកម្ពុជា ​ដែលតែងតែ​លើកស្ទួយ​កិច្ចសន្ទនាអន្តរ​សាសនា និង សន្តិសហវិជ្ជមាន​រវាង​ជំនឿសាសនា។

ជាថ្មីម្តងទៀត សម្តេចធិបតី បានអះអាងថា ការជំរុញ​សុខដុមនីយកម្មជាតិ​សាសន៍ និង សាសនា ត្រូវមាន​ការចូលរួម​ពីប្រជាជន​គ្រប់ស្រទាប់​ទាំងអស់ មិនមែនរាជរដ្ឋាភិបាល អាចធ្វើឡើងតែម្នាក់ឯងបានឡើយ។ ការរៀបចំរចនា​សម្ព័ន្ធគ្រប់គ្រងបានត្រឹមត្រូវ និង ការចូលរួម​សហការ ជំរុញកិច្ចសន្ទនាអន្តរសាសនា ដោយ​គ្មាន​រើស​អើង ដោយ​គ្មានលទ្ធិជ្រុលនិយម គឺជាកត្តា​គាំទ្រដ៏សំខាន់ សម្រាប់​ការអនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដែល​ធានា​ភាពសុខដុម​រមនា​ និងសន្តិសហវិជ្ជមានរបស់សង្គមដែល​មាន​ភាពចម្រុះ ៕ អត្ថបទ៖ ហ្សាលីន