សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ឯកអគ្គរាជទូតកម្ពុជានានា ចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅកម្ពុជា និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគទុនចិនឱ្យមកកម្ពុជា កាន់តែច្រើន។

ការជំរុញរបស់សម្តេចបែបនេះ ត្រូវបានធ្វើឡើងនៅពេល អញ្ជើញជាអធិបតី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍” កាលរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ កុម្ភៈ ២០២៥។
នាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ព័ត៌មានក្លែងក្លាយ គឺជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ជាព័ត៌មានដែលមិនឆ្លុះបញ្ចាំងការពិត ហេតុនេះ សូមជំរុញឱ្យស្ថាប័នពាក់ព័ន្ធពង្រឹងការទូតទេសចរឱ្យកាន់តែខ្លាំងថែមទៀត។ ទន្ទឹមគ្នានេះ សម្តេចក៏បានជំរុញដល់ប្រព័ន្ធផ្សាយ និងអង្គទូតនានា ចរួមគា្ន បង្កើនការផ្សព្វផ្សាយពីកត្តាសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា តំបន់ទេសចរណ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ការលើកទឹកចិត្ត និងឱកាសវិយោគជាច្រើននៅកម្ពុជា ដើម្បីឱ្យប្រជាជនទូទាំងពិភពលោកបានដឹង និងមកលេងកម្ពុជាកាន់តែច្រើនថែមទៀត។
ជុំវិញវិស័យទេសចរណ៍នេះដែរ ថ្លែងក្នុងសន្និបាតខាងលើនេះដែរ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិបានជាង ៦,៧ លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និងទេសចរជាតិប្រមាណ ២២,៥លាននាក់ កើនឡើងជាង២០% រួមជាមួយចំណូលទេសចរណ៍បានចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជាប្រមាណ ៣,៦ពាន់លានដុល្លាអាម៉េរិក។
ជាមួយនឹងកំណើនភ្ញៀវទេសចរជាតិ អន្ដរជាតិគួរទីមោទននេះ ក្រសួងទេសចរណ៍ បានដាក់ក្ដីរំពឹងទុកថា ចំនួនភ្ញៀវទេសចរអន្ដរជាតិនឹងកើនឡើងប្រមាណ ៧.២ ទៅ៧.៥លាននាក់ នៅក្នុងឆ្នាំ២០២៥នេះ៕ អត្ថបទ៖ ហ្សាលីន
