ដើម្បីគាំទ្រកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៤ និងលើកទិសដៅការងារក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៥ ក្រុមហ៊ុនជីប ម៉ុង បានឧបត្ថម្ភម៉ូតូ HONDA DREAM ថ្មីចំនួន ៥ គ្រឿង និងភេសជ្ជៈ ២០០ កេស។

ពិធីប្រគល់ទទួលអំណោយនេះ ធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយម៉ូតូ ៥ គ្រឿងនឹងត្រូវប្រើជារង្វាន់សម្រាប់លើកទឹកចិត្តដល់មន្ត្រីរាជការដែលបានខិតខំប្រឹងប្រែងធ្វើការចាប់ពី ១ ឆ្នាំឡើងទៅ និងភេសជ្ជៈនឹងត្រូវប្រើនៅក្នុងកម្មវិធីសន្និបាតទាំងមូល។
ឯកឧត្តម ស៊ាង សុលក្ខណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ជីប ម៉ុង សម្រាប់ការផ្តល់អំណោយដ៏មានតម្លៃទាំងនេះ ជួយលើកទឹកចិត្តដល់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម លើកកម្ពស់ការចូលរួមចំណែកកិច្ចសហការដ៏ល្អជួយគ្នាទៅវិញទៅមករវាងរដ្ឋាភិបាលនិងវិស័យឯកជន។
ជីប ម៉ុង ជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស វិនិយោគដោយសហគ្រិនខ្មែរ ១០០% ដែលផលិតស្រាបៀរ និងភេសជ្ជៈជាច្រើនប្រភេទជាមួយគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិនិងផលិតដោយបច្ចេកវិទ្យាថ្មីទំនើបបំផុត ហើយ ជីប ម៉ុង តែងតែចូលខ្លួនជ្រោមជ្រែង និងលើកកម្ពស់វិស័យជាច្រើនរួមមានវិស័យបរិស្ថាន សុខាភិបាល អប់រំ ទេសចរណ៍ កីឡា វប្បធម៌ខ្មែរព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជានិងកិច្ចការសង្គម។



